(ហ្ស៊េរុយសាឡិម)៖ អ៉ីស្រាអែល នៅថ្ងៃអាទិត្យ ទី៥ ខែមករានេះ បានអះអាងពីការបាញ់ស្ទាក់មីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ភ្លាមៗក្រោយស៊ីរ៉ែនប្រកាសអាសន្ន បន្លឺសំឡេង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
យោធាអ៉ីស្រាអែល បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «នៅបន្ទាប់ស៊ីរ៉ែនប្រកាសអាសន្នបន្លឺសំឡេងក្នុងទីក្រុង Talmei Elazar មីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន ត្រូវបានបាញ់ស្ទាក់ មុននឹងមីស៊ីលនេះឆ្លងចូលទឹកដីអ៉ីស្រាអែល»។ កាលពីថ្ងៃសុក្រ យោធាអ៉ីស្រាអែលក៏បានឱ្យដឹងដែរថាខ្លួនបានបាញ់ទម្លាក់ដ្រូនមួយគ្រឿងបាញ់ចេញពីយេម៉ែន ក្រោយដ្រូននេះហោះចូលក្នុងទឹកដីអ៉ីស្រាអែល។
ក្រុមឧទ្ទាមហ៊ូទី មានមូលដ្ឋានក្នុងប្រទេសយេម៉ែន បានបាញ់មីស៊ីល និងដ្រូនលើអ៉ីស្រាអែលជាបន្តបន្ទាប់ រួមទាំងកប៉ាល់ដឹកទំនិញនៅក្នុងតំបន់សមុទ្រក្រហម និងឈូងសមុទ្រ Aden ដោយ អះអាងថាសកម្មភាពរបស់ពួកគេគឺជាការបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា។ ហ៊ូទីបានបង្កើនការវាយប្រហាររបស់ខ្លួនលើអ៉ីស្រាអែល ចាប់តាំងពីមាន បទឈប់បាញ់រវាងហេសបូឡា និងអ៉ីស្រាអែល កាលពីខែវិច្ឆិកា ឆ្នាំមុន។ អ៉ីស្រាអែលវិញក៏បានសងសឹកផងដែរដោយវាយប្រហារលើទីតាំងមួយចំនួនយេម៉ែន ក្នុងនោះរួមមានទាំង អាកាសយានដ្ឋានរដ្ឋធានីសាណា កាលពីចុងខែធ្នូកន្លងទៅ៕