(អាថែន)៖ លោក Costas Simitis អតីតនាយករដ្ឋមន្ត្រីក្រិក ដែលបានដឹកនាំប្រទេសចូលជាសមាជិកនៃរូបិយប័ណ្ណរួមរបស់សហភាពអឺរ៉ុប (តំបន់អឺរ៉ូ) ក្នុងឆ្នាំ ២០០១ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ក្នុងជន្មាយុ ៨៨ ឆ្នាំ នៅគេហដ្ឋានរដូវក្តៅរបស់លោក ក្នុងតំបន់ Peloponnese។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។
លោក Simitis ដែលជាសាស្ត្រាចារ្យច្បាប់ និងជាអ្នកកែទម្រង់ បានឡើងកាន់អំណាចដឹកនាំគណបក្សសង្គមនិយម PASOK ក្នុងឆ្នាំ ១៩៩៦ និងបានបម្រើការជានាយករដ្ឋមន្ត្រី រហូតដល់ឆ្នាំ ២០០៤។
នាយករដ្ឋមន្ត្រីក្រិកបច្ចុប្បន្ន លោក Kyriakos Mitsotakis មកពីគណបក្សអភិរក្សនិយម បានសម្តែងការសោកស្តាយ និងគោរពចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រី Costas Simitis ដោយហៅលោកថាជា «គូប្រជែងនយោបាយដ៏សក្តិសម និងថ្លៃថ្នូរ» និងជាមេដឹកនាំដែលបាន «អមដំណើរក្រិក ក្នុងជំហានជាតិដ៏អស្ចារ្យ»។
រដ្ឋាភិបាលក្រិក ក៏បានប្រកាសកាន់ទុក្ខរយៈពេល ៤ ថ្ងៃ និងបានបញ្ជាក់ថា ពិធីបុណ្យសពរបស់លោក នឹងត្រូវរៀបចំឡើងដោយរដ្ឋ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលកាន់តំណែង លោក Simitis បានកាត់បន្ថយឱនភាពថវិកា និងបំណុលសាធារណៈយ៉ាងខ្លាំងដែលជាលក្ខខណ្ឌចាំបាច់ សម្រាប់ប្រទេសក្រិក ក្នុងការចូលជាសមាជិកតំបន់អឺរ៉ូ។ ការទទួលមរណភាពរបស់លោក គឺជាការបាត់បង់ដ៏ធំធេងមួយ សម្រាប់ឆាកនយោបាយក្រិក ទោះបីជាមានការរិះគន់ខ្លះ ជុំវិញបញ្ហាអំពើពុករលួយក៏ដោយ៕