(សេអ៊ូល)៖ លោក Park Chong jun ដែលជាប្រធានកងអង្គរក្សរបស់ប្រធានាធិបតី បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា លោកមិនអាចសហការក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ខ្លួនប្រធានាធិបតីព្យួរតំណែង លោក Yoon Suk Yeol នោះទេ ខណៈដែលការកត់សម្គាល់បែបនេះ អាចរុញច្រានវិបត្តិនយោបាយនៅកូរ៉េខាងត្បូង ឱ្យឆ្ពោះទៅរកការប្រឈមមុខដាក់គ្នាថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២៥។

ដីកាចាប់ខ្លួន លោក Yoon ក្រោមហេតុផលប៉ុនប៉ងដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ដែលត្រូវផុតកំណត់នាពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទនេះ ត្រូវបានលោក Park លើក​ឡើងពីកង្ចះកិច្ចពិភាក្សា​ផ្លូវ​ច្បាប់ មកធ្វើជាមូលហេតុ​មិន​សហការអនុវត្ត។ លោក Park បានបដិសេធនូវការប្រមាថមើលងាយ ដែលថាកងអង្គរក្សរបស់ប្រធានាធិបតី ក្លាយទៅជាកងទ័ពឯកជន ដោយបន្ថែមថា កងអង្គរក្សបានផ្តល់នូវការពារសន្តិសុខដល់ប្រធានាធិបតីគ្រប់រូប អស់រយៈពេល ៦០ឆ្នាំមកហើយ ដោយមិនគិតពីទំនាក់ទំនងនយោបាយ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយនេះធ្វើឡើង បន្ទាប់ពីតុលាការទីក្រុងសេអ៊ូល បានច្រានចោលពាក្យបណ្តឹងរបស់មេធាវីលោក Yoon ដែលថាដីកាចាប់ខ្លួននេះគឺខុសច្បាប់ និងមិនមានភាពត្រឹមត្រូវ។​ ដោយឡែកការ​ទូរស័ព្ទ​ទៅ​តុលាការ​ ដើម្បី​សុំ​អត្ថាធិប្បាយ​មិន​មានអ្នកទទួលនោះទេ។

ក្រុមអ្នកស៉ើបអង្កេតបានស្នើដីកាចាប់ខ្លួន លោក​ Yoon ប៉ុន្តែអង្គរក្ស​ រួមទាំងទាហានយោធា កាលពីថ្ងៃសុក្រសប្តាហ៍មុន បានរារាំងការអនុវត្តដីកានេះ ដោយមានការប្រឈមមុខដាក់គ្នា​ ៦ម៉ោង ​នៅខាងក្រៅនិវេសនដ្ឋានរបស់លោក​។ តាមសារព័ត៌មាន Yonhap ប៉ូលិសក៏បានស្នើឱ្យប្រធានកងអង្គរក្ស​ លោក​ Park Chong-jun បង្ហាញខ្លួនដើម្បីសាកសួរ​ នៅថ្ងៃអង្គារសប្តាហ៍នេះផងដែរ៕