(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី៦ ខែមករា បានអះអាងថា កូរ៉េខាងជើង បានបាញ់តេស្តមីស៉ីលយ៉ាងហោច១គ្រាប់ ឆ្ពោះទៅផ្ទៃសមុទ្រ ចេញពីឆ្នេរភាគខាងកើតរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
យោធាកូរ៉េខាងត្បូង បានបន្ថែមថា មីស៉ីលនោះទំនងជាមីស៉ីលប្រភេទបាលិស្ទីគ ប៉ុន្តែមិនទាន់ច្បាស់ថា ជារយៈចម្ងាយអ្វីឡើយ ហើយវាបានធ្លាក់ចូលសមុទ្រខាងកើត ឬហៅថា សមុទ្រជប៉ុន។ លើកចុងក្រោយបង្អស់ ដែលកូរ៉េខាងជើង បានបាញ់តេស្តមីស៉ីលបាលិស្ទីគ គឺកាលពីដើមខែវិច្ឆិកា ឆ្នាំមុន ដែលមានរយៈចម្ងាយខ្លី ខណៈកាលពីចុងខែតុលា ឆ្នាំដដែលនោះ បានបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM។
គួរបញ្ជាក់ថា ការបាញ់តេស្តមីស៉ីលនាថ្ងៃចន្ទនេះ របស់ទីក្រុងព្យុងយ៉ាង កើតមានឡើងចំពេលដែល រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken មកបំពេញទស្សនកិច្ច នៅទីក្រុងសេអ៊ូល ហើយកូរ៉េខាងត្បូងកំពុងជួបវិបត្តិនយោបាយ។ មិនតែប៉ុណ្ណោះ សល់តែ២សប្តាហ៍ទៀត គឺដល់ពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ត្រូវស្បថចូលកាន់តំណែងជាផ្លូវការ៕