(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានឱ្យដឹងថា អាកាសយានដ្ឋាន Muan នឹងនៅតែផ្អាកដំណើរការបណ្តោះអាសន្ន រហូតដល់ថ្ងៃទី១៤ ខែមករា ដោយសារតែការស៉ើបអង្កេតលើករណីធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air សម្លាប់មនុស្ស ១៧៩នាក់កំពុងបន្ត។ នេះបើយោងតាមការចេញការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ ២០២៥។

ដំបូងឡើយ អាកាសយានដ្ឋាន Muan គ្រោងបើកឡើងវិញនៅថ្ងៃអង្គារនេះ ក្រោយជួបឧបទ្ទវហេតុកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៤។ ក្រុមអ្នកស៉ើបអង្កេតរួមមួយកំពុងបង្កើនការស្រាវជ្រាវរកមូលហេតុ ដោយនៅថ្ងៃចន្ទនេះ អ្នកស៉ើបអង្កេតកូរ៉េពីរនាក់ បាននាំយកប្រអប់ខ្មៅនៃយន្តហោះទៅកាន់សហរដ្ឋអាមេរិក ដើម្បីធ្វើការវិភាគជាមួយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ នៅទីនោះ។

ប្រអប់ខ្មៅ រួមជាមួយឧបករណ៍ថតសំឡេងកាប៊ីនយន្ដហោះ គឺមានព័ត៌មានសំខាន់ៗអំពីការធ្លាក់យន្តហោះ។ ក្រុមស៉ើបអង្កេត ប្រមូលបានទិន្នន័យពីឧបករណ៍ថតសំឡេងកាប៊ីនយន្ដហោះ ដែលរកឃើញពីបំណែកយន្តហោះ Jeju Air ធុន Boeing 737-800 និងទាញយកម៉ាស៉ីនពីរគ្រឿង ខណៈដែលអ្នកតំណាងមកពីក្រុមហ៊ុនផលិតម៉ាស៉ីន GE ក៏បានចូលរួមក្នុងការស៉ើបអង្កេតនេះដែរ។

ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង បានពន្យារពេលដល់ថ្ងៃទី១០ ខែមករា ដើម្បីត្រួតពិនិត្យយន្តហោះ Boeing 737-800 ទាំងអស់ដែលដំណើរការដោយ Jeju Air និងក្រុមហ៊ុនអាកាសចរណ៍ចំនួន ៥ផ្សេងទៀតនៅក្នុងប្រទេស រួមទាំងកំណត់ត្រាថែទាំរបស់ពួកគេ៕