(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា។ នេះបើយោងតាមការលើកឡើង របស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នៅថ្ងៃចន្ទនេះ ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងក្នុងអំឡុងពេលបំពេញទស្សនកិច្ចជាផ្លូវការ នៅទីក្រុងញូវដេលី លោក Sullivan បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងឈានទៅរកការបញ្ចប់នូវដំណើរការលុបបំបាត់ចោលនូវបទប្បញ្ញត្តិ ដែលជាឧបសគ្គដល់កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិល រវាងអង្គភាពនុយក្លេអ៊ែរនាំមុខរបស់ឥណ្ឌា និងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាយូរមកហើយ។
គួរបញ្ជាល់ថា កិច្ចពិភាក្សារវាងប្រទេសទាំងពីរលើបញ្ហានេះ បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៧ មកម្លេះប៉ុន្តែបានជាប់គាំង ដោយសារបញ្ហាច្បាប់និងបទប្បញ្ញត្តិ។ ភាពមិនស្របគ្នារវាងច្បាប់ទំនួលខុសត្រូវនុយក្លេអ៊ែររបស់ឥណ្ឌា និងបទដ្ឋានសកលបានក្លាយជាឧបសគ្គដ៏ធំមួយក្នុងកិច្ចសហប្រតិបត្តិការនេះ។ តាមបទដ្ឋានសកល ការចំណាយលើឧប្បត្តិហេតុនុយក្លេអ៊ែរត្រូវបានរ៉ាប់រងដោយប្រតិបត្តិករ មិនមែនក្រុមហ៊ុនផលិតរោងចក្រនុយក្លេអ៊ែរទេ។
ទោះជាយ៉ាងណា ការប្រកាសរបស់លោក Sullivan នាពេលនេះ បានបង្ហាញពីការប្តេជ្ញាចិត្តថ្មីរបស់សហរដ្ឋអាមេរិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនេះ។ ក្រៅពីបញ្ហានុយក្លេអ៊ែរ លោក Sullivan ក៏បានពិភាក្សា ជាមួយមន្ត្រីឥណ្ឌាអំពីបញ្ហាផ្សេងទៀត ដូចជា បញ្ញាសិប្បនិម្មិត លំហអាកាស និងសេដ្ឋកិច្ចផងដែរ៕