(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នាថ្ងៃអង្គារ ទី៧ ខែមករានេះថា មេដឹកនាំកំពូល នៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើតេស្តដោយជោគជ័យ នៃមីស៉ីលបាលិស្ទីគថ្មីមួយ ដែលមានល្បឿនលឿនជាងសំឡេង និងរយៈចម្ងាយឆ្ងាយ ឬ IRBM កាលពីថ្ងៃចន្ទម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
KCNA បាននិយាយថា មីស៉ីលខាងលើត្រូវបានបាញ់ចេញពី ជាយរដ្ឋធានីព្យុងយ៉ាង ហើយហោះបានចម្ងាយខ្ទង់ ១៥០០គីឡូម៉ែត្រ ក្នុងល្បឿនលឿនជាងល្បឿនសំឡេង ដល់ទៅ១២ដង និងឡើងដល់កម្ពស់ជិត១០០គីឡូម៉ែត្រ មុនទម្លាក់ខ្លួនមកវិញ រួចហោះទៅធ្លាក់ចំគោលដៅ នៅលើផ្ទៃសមុទ្រនៅភាគខាងកើតប្រទេស។
វាគឺជាការបាញ់តេស្តមីស៉ីលលើកដំបូងរបស់កូរ៉េខាងជើង នៅក្នុងឆ្នាំ២០២៥នេះ ហើយគាប់ជួនពេលដែល រដ្ឋមន្រ្តីការបរទេសរបស់សហរដ្ឋអាមេរិក លោក Antony Blinken ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង។ លោក Blinken និងសមភាគីកូរ៉េខាងត្បូង បានរួមគ្នាថ្កោលទោស ការបាញ់មីស៉ីលរបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា ការតេស្តមីស៉ីលខាងលើរបស់ទីក្រុងព្យុងយ៉ាង កើតមានឡើងមិនដល់២សប្តាហ៍ឡើយ មុនពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្លាប់បើកកិច្ចប្រជុំកំពូលជាមួយ លោក គីម ជុងអ៊ុន អំឡុងអាណត្តិកាន់អំណាចលើកទី១ ត្រូវស្បថចូលកាន់តំំណែងជាផ្លូវការ៕