(ប៉េកាំង)៖ «កម្មវិធីពាន់ម៉ឺន» ជាពាក្យហៅកាត់នៃកម្មវិធី «មួយពាន់ភូមិធ្វើជាគំរូ មួយម៉ឺនភូមិស្តារឡើងវិញ» ដែលជាកម្មវិធីនយោបាយដ៏សំខាន់មួយដែលគ្រោងផែនការ ចាត់ចែងការងារនិងជំរុញការអនុវត្តដោយផ្ទាល់ពីសំណាក់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនក្នុងអំឡុងពេលដែលលោកបំពេញការងារជាលេខាធិការបក្សប្រចាំខេត្ត Zhejiang។
នៅខែមិថុនាឆ្នាំ ២០០៣ ខេត្ត Zhejiang ចាប់ផ្តើមអនុវត្តនូវ «កម្មវិធីពាន់ម៉ឺន» ដោយបានជ្រើសរើសភូមិចំនួនមួយម៉ឺន ក្នុងចំណោមភូមិចំនួនបួនម៉ឺននៅទូទាំងខេត្ត ដើម្បីធ្វើការងារស្តារឡើងវិញដោយគ្រប់ជ្រុងជ្រោយ ហើយក្នុងចំណោមនោះ ជ្រើសរើសភូមិសំខាន់ចំនួនមួយពាន់ ដើម្បីធ្វើជាភូមិគំរូសម្រាប់កសាងឱ្យទៅជា ភូមិដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ។
តើ «កម្មវិធីពាន់ម៉ឺន» ត្រូវបានអនុវត្តយ៉ាងដូចម្តេច និងទទួលបានសមិទ្ធផលសំខាន់ៗណាខ្លះ នៅខេត្ត Zhejiang?
បន្ទាប់ពីលោក ស៊ី ជីនភីង បានលើកឡើងពីទស្សនៈ «ទឹកថ្លាភ្នំបៃតងជាភ្នំមាសភ្នំប្រាក់» មក «កម្មវិធីពាន់ម៉ឺន» ក៏បានដើរតួនាទីក្នុងនាមជា «កម្មវិធីអេកូឡូស៊ី» របស់ខេត្ត Zhejiang ដែលមិនត្រឹមតែអភិរក្សនូវ «ទឹកថ្លាភ្នំបៃតង» ប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងបាននាំមកនូវ «ភ្នំមាសភ្នំប្រាក់» ផងដែរ ដែលបានជំរុញឱ្យភូមិឃុំជាច្រើនអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងក្លាយជា«ផ្ទះបៃតង»ដ៏សម្បូរសប្បាយ។ ការសម្រេចចិត្តផ្នែកយុទ្ធសាស្ត្រដ៏សំខាន់មួយនេះបានធ្វើឱ្យភូមិឃុំនៅខេត្ត Zhejiang ផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំងមានជាអាទិ៍ ៖
*ឧស្សាហកម្មអេកូឡូស៊ីរីកចម្រើនយ៉ាងផុលផុស។ ភូមិគំរូដែលនាំមុខអនុវត្ត «កម្មវិធីពាន់ម៉ឺន» បានផ្តើមចេញពីការផ្លាស់ប្តូរវិធី រកប្រាក់ចំណូល ពោលគឺប្តូរពីការដាំ និងកាប់ឈើក្នុងដីស្រែចម្ការ របស់ខ្លួន យកទៅលក់ ទៅជាការទាញយកផលពី ធនធានអេកូឡូស៊ី ដែលបានជំរុញការងើបឡើងនៃមុខរបរថ្មីៗ ដូចជាទេសចរណ៍ជនបទ ធុរកិច្ចអេឡិចត្រូនិក ការសម្រាកលម្ហែកាយ និងការច្នៃប្រឌិតខាងវប្បធម៌ជាដើម ដែលបានស្តារប្រព័ន្ធអេកូឡូស៊ី ឡើងវិញជាបន្តបន្ទាប់។
*ការធ្វើអាជីវកម្មក្នុងទីផ្សារគ្រប់គ្រងដោយក្រុមហ៊ុនជំនាញ ឧស្សាហកម្មជនបទមានភាពរស់រវើក។ បន្ទាប់មានការគាំទ្រពី «កម្មវិធីពាន់ម៉ឺន» ភូមិជាច្រើនបានអញ្ជើញក្រុមហ៊ុនជំនាញ មកសិក្សាពីការអភិវឌ្ឍអាជីវកម្មក្នុងភូមិ បង្កើតបានជារូបមន្ត «សហគ្រាសរដ្ឋ+ភូមិ+ឃុំ» និងរូបមន្តកសាង «ជនបទស្រស់ស្អាត+ជនបទឌីជីថល+ជនបទសម្បូរសប្បាយរួម+ជនបទវប្បធម៌» ដោយបានបង្កើតអាជីវកម្មថ្មីៗ ដូចជាការបង្កើតនូវទីតាំងបោះជំរំនៅតំបន់ដីសើម ការកសាងសួនវប្បធម៌និងសួនកម្សាន្ត ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវពីកសិកម្មជាដើម ដែលបានក្លាយជាម៉ាកផលិតផលទេសចរណ៍វប្បធម៌ប្រចាំភូមិ ធ្វើឱ្យកសិករជាច្រើនបានចេញផុត ពីភាពក្រីក្រមុនគេនៅទូទាំងប្រទេសចិន ហើយប្រាក់ចំណូលបានកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ដែលនាំមុខបណ្តាខេត្តនិងភូមិភាគស្វយ័ត នៅទូទាំងប្រទេសចិនជាច្រើនឆ្នាំជាប់ៗគ្នា។
*នាំចូលធនធានមនុស្សថ្មី ជំរុញការអភិវឌ្ឍឌីជីថល។ ក្រោយពី «កម្មវិធីពាន់ម៉ឺន» លេចចេញសមិទ្ធផលជាបណ្តើរៗ មានអ្នកភូមិចំណាកស្រុកជាច្រើន បានវិលត្រឡប់ទៅ ប្រកបការងារឬមុខរបរ នៅស្រុកកំណើតរបស់ខ្លួនវិញ ជាពិសេស ក្នុងចំណោមនោះមានយុវជន ដែលទើបបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ ដែលជាអ្នកមានចំណេះដឹងខ្ពស់ និងមានជំនាញខាងបច្ចេកវិទ្យាថ្មី បានវិលត្រឡប់ទៅចូលរួមការងារស្តារនិងអភិវឌ្ឍស្រុកកំណើតរបស់ខ្លួន។ យុវជនទាំងនេះ មានគំនិតច្នៃប្រឌិតថ្មី ហើយប្រសប់ក្នុងការប្រើប្រាស់ បច្ចេកទេសឌីជីថល ដែលបាននាំឱ្យខេត្ត Zhejiang ឈានមុខគេនៅទូទាំងប្រទេសលើ វិស័យឌីជីថលនិងធុរកិច្ចអេឡិចត្រូនិក។
តើ «កម្មវិធីពាន់ម៉ឺន» បានរួមចំណែកអ្វីខ្លះចំពោះការស្តារនិងអភិវឌ្ឍជនបទនៅទូទាំងប្រទេសចិន?
ខេត្ត Zhejiang បាននាំមុខអនុវត្ត «កម្មវិធីពាន់ម៉ឺន» អស់រយៈពេល ២១ ឆ្នាំដែលទទួលបានសមិទ្ធផល ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកអភិរក្សប្រព័ន្ធអេកូឡូស៊ី បានក្លាយជាគំរូមួយ សម្រាប់ការអនុវត្តការងារស្តារ និងអភិវឌ្ឍជនបទនៅទូទាំងប្រទេសចិន ។ ដោយសារមានគំរូដ៏ជោគជ័យរបស់ខេត្ត Zhejiang តំបន់នានានៃប្រទេសចិនបានដកបទពិសោធ និងគួបផ្សំជាមួយនឹង លក្ខខណ្ឌក្នុងតំបន់របស់ខ្លួន ធ្វើការអភិវឌ្ឍដែលមិនយកការបំផ្លិចបំផ្លាញបរិស្ថានធ្វើជាថ្នូរ ដើម្បីឈានទៅរកការសម្រេចបាន នូវទិសដៅការងាររយៈពេលវែង ស្តីពីការកសាង «ប្រទេសចិនដ៏ស្រស់ស្អាត»។
បច្ចុប្បន្ន ដោយសារមានការរួមចំណែកពីគោលនយោបាយ «កម្លាំងផលិតកម្មគុណភាពថ្មី» តំបន់ជនបទនានា បានខិតខំបណ្តុះបណ្តាល «កសិករថ្មី» (អ្នកប្រកបការងារកសិកម្ម ដែលមានជំនាញ) ពីបច្ចេកទេសឌីជីថល ជីវសាស្ត្រនិងភាពបៃតង ដើម្បីសម្របទៅនឹងនិន្នាការថ្មីនៃបដិវត្តន៍ឧស្សាហកម្ម និងបដិវត្តន៍បច្ចេកវិទ្យា ដែលបានក្លាយជាកម្លាំងចលករថ្មី នៃការស្តារនិងអភិវឌ្ឍជនបទ។
អ្វីដែលកាន់តែពិសេសនោះគឺ «កម្មវិធីពាន់ម៉ឺន» មិនត្រឹមតែបានក្លាយជាគំរូនៃការស្តារនិងអភិវឌ្ឍជនបទ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីនៃប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបាន ការទទួលស្គាល់ពីសំណាក់អន្តរជាតិផងដែរ ។ នៅខែកញ្ញា ឆ្នាំ ២០១៨ «កម្មវិធីពាន់ម៉ឺន» ទទួលបានពានរង្វាន់ Champions of the Earth Award (អ្នកការពារភពផែនដី) របស់អង្គការសហប្រជាជាតិ ដែលបានផ្តល់ជា «ផែនការចិន» សម្រាប់ការកសាងផ្ទះរបស់មនុស្សជាតិដែលសមស្របនឹងការរស់នៅនិងប្រកបដោយភាពសុខដុម។
ការអភិវឌ្ឍនៃជនបទនៅទូទាំងប្រទេសចិន មិនត្រឹមតែជាការស្តារវិបុលភាព របស់ប្រជាជាតិចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែក មិនអាចខ្វះបានសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព របស់ពិភពលោកផងដែរ។ ជាងនេះទៅទៀត ការអភិវឌ្ឍបៃតងរបស់ចិនជាការរួមចំណែកដ៏ធំធេង សម្រាប់ការឆ្លើយតបនឹង បម្រែបម្រួលអាកាសធាតុសកល និងការរួមរស់ដោយសុខដុមរមនា រវាងមនុស្សជាតិនិងធម្មជាតិ ដើម្បីថែរក្សាភាពបៃតងនៃភពផែនដី ឱ្យបានឋិតថេរគង់វង្ស៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន