(ប៉េកាំង)៖ ក្រុមមន្ត្រីចិន បានឱ្យដឹងថា មនុស្សជាង ៤០០នាក់ ដែលជាប់ដោយការរញ្ជួយដីដ៏ខ្លាំងក្លា នៅតំបន់ជើងភ្នំហិម៉ាឡៃ ត្រូវបានជួយសង្គ្រោះ ហើយអ្នកស្រុកជាង ៣០.០០០នាក់ត្រូវផ្លាស់ទីលំនៅ ខណៈដែលការស្វែងរកអ្នករស់រានមានជីវិត បានឈានចូលដល់ថ្ងៃទីពីរ នាថ្ងៃពុធ ទី៨ ខែមករានេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ កាលពីថ្ងៃអង្គារ ដែលជាការរញ្ជួយដ៏ខ្លាំងបំផុតមួយ មិនធ្លាប់មានក្នុងតំបន់រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មានទីតាំងនៅស្រុក Tingri នៃតំបន់ទីបេរបស់ប្រទេសចិន ចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ភាគខាងជើងនៃភ្នំ Everest។ វាក៏បានអង្រួនអគារនៅប្រទេសជិតខាងដូចជា នេប៉ាល់ ប៊ូតង់ និងឥណ្ឌាផងដែរ។ ២៤ម៉ោងក្រោយការរញ្ជួយដី អ្នករស់រានមានជីវិតដែលជាប់ក្រោមគំនរបាក់បែក ត្រូវស៊ូទ្រាំមួយយប់ ក្នុងសីតុណ្ហភាពក្រោមសូន្យ។

តាមទូរទស្សន៍រដ្ឋចិន CCTV កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ព័ត៌មានបឋម ផ្ទះចំនួន ៣.៦០៩ខ្នងត្រូវបានបំផ្លាញនៅក្នុងតំបន់ Shigatse នៃតំបន់ទីបេ ដែលជាជម្រករបស់មនុស្សចំនួន ៨០០.០០០នាក់។ យ៉ាងហោចណាស់មនុស្ស ១២៦នាក់បានស្លាប់និង ១៨៨នាក់រងរបួសនៅប៉ែកខាងទីបេ។ គ្មានសេចក្តីរាយការណ៍អំពីករណីស្លាប់ ឬរបួសនៅ​ក្នុង​ប្រទេស​នេប៉ាល់ ឬ​កន្លែង​ផ្សេង​ទៀត​នោះទេ។ តង់ អាហារបំប៉ន ម៉ាស៉ីនភ្លើង និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀត ត្រូវបានបញ្ជូនទៅដល់ទីតាំងកើតហេតុ កាលពីយប់ថ្ងៃអង្គារ ហើយគ្រប់ផ្នែកនៃផ្លូវរងការខូចខាតដោយសារការរញ្ជួយដី ត្រូវបានបើកឡើងវិញ៕