(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមដាក់សម្ពាធកំពុងជំរុញឱ្យតុលាការបរទេស ចាត់វិធានការប្រឆាំងអ៉ីស្រាអែល ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម ប៉ុន្តែវាគ្រាន់ជាសកម្មភាពឃោសនា ហើយមិនមានដីកាចេញមកនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ ២០២៥។
តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្រ្តី លោក Benjamin Netanyahu អតីតរដ្ឋមន្រ្តីការពារជាតិ លោក Yoav Gallant របស់អ៉ីស្រាអែល ក៏ដូចជាមេដឹកនាំក្រុមហាម៉ាស លោក Ibrahim Al-Masri ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាមនៅតំបន់ហ្កាហ្សា។ ដីកានេះ បង្កឱ្យមានការខឹងសម្បារនៅក្នុងប្រទេសអ៉ីស្រាអែល ប៉ុន្តែក៏មានការភ័យខ្លាចដែរថា ដីកាស្រដៀងគ្នានេះអាចនឹងត្រូវចេញ ប្រឆាំងនឹងជនជាតិអ៉ីស្រាអែល ដែលបម្រើការក្នុងជួរយោធានៅតំបន់ហ្កាហ្សា។
ប៉ុន្តែកាលពីចុងសប្តាហ៍កន្លងទៅ ទាហានបម្រុងម្នាក់ ដែលទៅវិស្សមកាលនៅប្រេស៉ីល អាចចាកចេញពីប្រទេសនេះបាន ទោះជាចៅក្រមសហព័ន្ធប្រេស៉ីលនៅតំបន់ Salvador បញ្ជាឱ្យប៉ូលិសបើកការស៉ើបអង្កេតលើការចោទប្រកាន់ដែលថា ទាហានរូបនេះប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ពេលកំពុងបម្រើការជាយោធានៅហ្កាហ្សាក៏ដោយ។ ក្រសួងការបរទេសអ៉ីស្រាអែល បានសម្របសម្រួលដើម្បីជួយដល់ទាហានបម្រុងរូបនោះ ប៉ុន្តែក្រុមមន្ត្រីនិយាយថាបញ្ហាគឺមិនធំដុំទេ។
ក្រុមដែលមានមូលដ្ឋាននៅប្រទេសបែលហ្ស៉ិក ដែលដាក់ឈ្មោះតាមក្មេងស្រីប៉ាឡេស្ទីនម្នាក់ ដែលត្រូវបានសម្លាប់នៅហ្កាហ្សា កាលពីឆ្នាំមុន ក៏បាននិយាយដែរថា ខ្លួនបានដាក់ភស្តុតាងនៃបទឧក្រិដ្ឋកម្មសង្រ្គាមទៅកាន់ ICC ប្រឆាំងជនជាតិអ៉ីស្រាអែល ១.០០០នាក់ មានទាំងវីដេអូ សំឡេង របាយការណ៍កោសល្យវិច្ច័យ និងឯកសារផ្សេងទៀត។ ចំណែក ICC ក៏បានបញ្ជាក់ថាទទួលបានឯកសារ ហើយនឹងធ្វើការវិភាគលើសម្ភារទាំងនោះ។
លោក Eden Bar Tal ប្រធាននាយកដ្ឋានមួយនៃក្រសួងការបរទេសអ៉ីស្រាអែល គូសបញ្ជាក់ថា «នេះគ្រាន់តែជារឿងហេតុមួយប៉ុណ្ណោះ។ វាមានលើសពី ១០ទៅ១២ករណី គិតចាប់តាំងពីអ៉ីស្រាអែល បើកការវាយប្រហារនៅហ្កាហ្សាកាលពី ១៥ខែមុន។ គ្មានដីកាណាមួយចេញមកនោះទេ ដូច្នេះខ្ញុំអាចនិយាយបានថា វាគ្រាន់តែជាការនិយាយផ្សព្វផ្សាយរបស់តុលាការប៉ុណ្ណោះ»៕