(វ៉ាស៉ីនតោន)៖ សេតវិមានបានប្រកាសថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាមេឡា ហារីស នឹងធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប មជ្ឈិមបូព៌ា និងអាស៉ី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ ២០២៥។

ដំណើរទស្សនកិច្ច ដែលទំនងជាលើកចុងក្រោយសម្រាប់ លោកស្រី ហារីស ក្នុងនាមជាអនុប្រធានាធិបតី មុនពេលចាកចេញពីការិយាល័យ នៅថ្ងៃទី២០ ខែមករា នឹងរួមមានការឈប់ចូលប្រទេសសិង្ហបុរី បារ៉ែន និងអាល្លឺម៉ង់។ លោកស្រីនឹងត្រូវអមដំណើរដោយស្វាមី លោក Doug Emhoff រួមទាំងមន្រ្តីជាន់ខ្ពស់អាមេរិកមួយចំនួន។

លោកស្រី ហារីស ត្រូវជួបបណ្តាមេដឹកនាំ និងទៅទស្សនាមូលដ្ឋានកងទ័ពជើងទឹក Changi អំឡុងពេលស្ថិតក្នុងប្រទេសសិង្ហបុរី នាថ្ងៃទី១៥ ខែមករា ហើយជួបនាយករដ្ឋមន្រ្តី លោក Lawrence Wong ក៏ដូចជាចូលរួមការទទួលទានអាហារថ្ងៃត្រង់ រៀបចំដោយលោកទេសរដ្ឋមន្ត្រី Lee Hsien Loong នៅវិមាន Istana។

នៅថ្ងៃបន្ទាប់ លោកស្រី ហារីស នឹងជួបបណ្តាមេដឹកនាំនៅទីក្រុងម៉ាណាម៉ា និងចុះទៅមូលដ្ឋានកងទ័ពជើងទឹកអាមេរិក ក្នុងប្រទេសបារ៉ែន។ នៅថ្ងៃទី១៧ ខែមករា លោកស្រី ហារីស នឹងទៅដល់មូលដ្ឋានទ័ពអាកាស Spangdahlem ប្រទេសអាល្លឺម៉ង់ ដើម្បីទស្សនាកងយន្តហោះចម្បាំងទី ៥២របស់កងទ័ពអាកាសអាមេរិក នៅទីនោះ៕