(ម៉ូស្គូ)៖ យោធាអ៊ុយក្រែន បានអះអាងពីការវាយប្រហារដោយជោគជ័យ លើឃ្លាំងប្រេងមួយកន្លែងក្នុងទីក្រុង Engels ប្រទេសរុស្ស៊ី ដែលជាទីតាំងនៃមូលដ្ឋានទ័ពអាកាស សម្រាប់យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ កាលពីយប់ថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥

អភិបាលតំបន់រុស្ស៊ី ទទួលស្គាល់ថា ទីក្រុង Engels និង Saratov បានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) បណ្តាលឱ្យមានអគ្គិភ័យឆាបឆេះ នៅកន្លែងឧស្សាហកម្មមួយ។ យោធាអ៊ុយក្រែន បានរាយការណ៍ពីការផ្ទុះជាច្រើន និងអគ្គិភ័យដ៏ធំ នៅឯឃ្លាំងប្រេង "Kristal" ដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់អាកាសយានដ្ឋានយោធា "Engels-2"។

យោធាអ៊ុយក្រែន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារនេះ នឹង «បង្កផលវិបាកធ្ងន់ធ្ងរផ្នែកភស្តុភារ ដល់អាកាសចរណ៍យុទ្ធសាស្ត្ររបស់រុស្ស៊ី» និង «ធ្វើឱ្យចុះខ្សោយសមត្ថភាពវាយប្រហារ លើគោលដៅស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែន» ខណៈលោក Oleksandr Kamyshin ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន គូសបញ្ជាក់ថា អាវុធដែលប្រើគឺជាផលិតផលក្នុងស្រុក មិនមែនជាជំនួយពីលោកខាងលិចទេ។

ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា យន្តហោះដ្រូនរបស់អ៊ុយក្រែន ចំនួន ១១ គ្រឿងត្រូវបានបាញ់ទម្លាក់នៅតំបន់ Saratov និង ២១ គ្រឿងទៀតនៅតំបន់ផ្សេងទៀតនៃប្រទេសរុស្ស៊ី និងសមុទ្រ Azov ដោយមិនមានការខូចខាតអ្វីកើតឡើង។ ទោះជាយ៉ាងណា ភស្តុតាងជាវីដេអូនិងរូបថត ដែលត្រូវបានចែករំលែកលើបណ្តាញសង្គម បង្ហាញពីអណ្តាតភ្លើងដ៏សន្ធោសន្ធៅកំពុងឆាបឆេះ នៅក្នុងតំបន់ឧស្សាហកម្ម នៃទីក្រុង Engels ដែលផ្ទុយពីការអះអាងនេះ។

គួរបញ្ជាក់ថា ការវាយប្រហារលើឃ្លាំងប្រេងនៅជិតមូលដ្ឋានទ័ពអាកាស Engels គឺជាការបង្ហាញពីសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការវាយប្រហារ គោលដៅយុទ្ធសាស្ត្រនៅក្នុងទឹកដីរុស្ស៊ី។ ការវាយប្រហារនេះ អាចនឹងរំខានដល់ប្រតិបត្តិការយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់រុស្ស៊ី និងជាសញ្ញាបង្ហាញថា សង្រ្គាមកំពុងឈានចូលដំណាក់កាលថ្មី មួយទៀត ដែលកាន់តែតានតឹង៕