(បេរូត)៖ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមករានេះ សភាលីបង់ កំពុងសម្លឹងរកការជ្រើសរើសឱ្យប្រមុខកងទ័ព លោក Joseph Aoun ក្លាយជាប្រធានាធិបតីរបស់ប្រទេស ដោយនឹងបញ្ចប់តំណែងដែលនៅទំនេរតាំងពីឆ្នាំ ២០២២មក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការបោះឆ្នោតសភា គឺជាការធ្វើតេស្តលើកដំបូងនៃតុល្យភាពអំណាចនៅលីបង់ ចាប់តាំងពីឥទ្ធិពលរបស់ហេសបូឡាចុះខ្សោយ ក្រោយធ្វើសង្គ្រាមជាមួយអ៉ីស្រាអែលកាលពីឆ្នាំមុន និងចាប់តាំងពីសម្ព័ន្ធមិត្តស៉ីរី លោក Bashar al-Assad ត្រូវបានទម្លាក់ពីអំណាចក្នុងខែធ្នូ។ ដើម្បីទទួលបានជោគជ័យ បេក្ខជនប្រធានាធិបតី ទាមទារឱ្យមានសំឡេងគាំទ្រចំនួន ៨៦សំឡេងសម្រាប់ជុំទីមួយ ឬ ៦៥សំឡេងនៅជុំទីពីរ។
សន្ទុះគាំទ្រ លោក Aoun កាន់តែកើនឡើងកាលពីថ្ងៃពុធ ខណៈបេក្ខជនរបស់ក្រុមហេសបូឡា លោក Suleiman Frangieh បានដកខ្លួន និងប្រកាសគាំទ្របេក្ខភាពប្រមុខកងទ័ពរួមនេះ រួមជាមួយសមាជិកសភាដទៃទៀត។ ប្រភពចំនួន ៣ បានឱ្យដឹងថា សមាជិកសភានៃក្រុមហេសបូឡា និងសម្ព័ន្ធមិត្តរបស់ខ្លួន មានសំឡេងគ្រប់គ្រាន់នឹងឱ្យ លោក Aoun ឈ្នះការបោះឆ្នោត។
គួរបញ្ជាក់ថា លោក Aoun អាយុ ៦០ឆ្នាំ គឺជាមេបញ្ជាការកងទ័ពជាតិលីបង់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក តាំងពីឆ្នាំ ២០១៧។ ចាប់ពីពេលនោះមក ជំនួយរបស់អាមេរិក ត្រូវបានផ្តល់ទៅកងទ័ពលីបង់ ជាផ្នែកនៃគោលនយោបាយរបស់ខ្លួន ដើម្បីទប់ស្កាត់ឥទ្ធិពលក្រុមហេសបូឡា៕