(វ៉ាស៉ីនតោន)៖ សមាជិកសភាអាមេរិក លោក Mike Waltz បាននិយាយកាលពីថ្ងៃពុធ ទី៨ ខែមករា ថា កោះ Greenland មានសារសំខាន់ សម្រាប់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ក្រោយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញគំនិតចង់ឱ្យអាមេរិកគ្រប់គ្រងដែនកោះដ៏ធំ នៅតំបន់អាកទិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អំឡុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មាន Fox News លោក Waltz ដែលត្រូវបានលោក ត្រាំ ជ្រើសរើសជាទីប្រឹក្សាសន្តិសុខជាតិ សម្រាប់រដ្ឋបាលរបស់លោក ត្រូវបានសាកសួរ អំពីគំនិតរបស់លោក ត្រាំ ស្តីពីការចាប់អារម្មណ៍ចង់គ្រប់គ្រងកោះ Greenland។ លោក Waltz បានឆ្លើយតបថា សព្វថ្ងៃនេះ ទាំងរុស្ស៉ីនិងចិន ដែលជាគូប្រជែងធំរបស់អាមេរិក កំពុងតែបង្កើនសកម្មភាពរបស់ពួកគេ នៅតំបន់អាកទិក ដែលជាតំបន់ពោរពេញដោយធនធាន ដូចជាប្រេងនិងឧស្ម័ន កប់នៅក្រោមទឹកកក ហើយវាមានសារសំខាន់ជាខ្លាំង សម្រាប់សន្តិសុខជាតិរបស់អាមេរិក។

លោក ត្រាំ ដែលនឹងត្រូវស្បថចូលកាន់តំណែងជា ប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករា កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបដិសេធច្រានចោល នូវលទ្ធភាពនៃការប្រើប្រាស់ សកម្មភាពយោធា ឬមួយក៏សេដ្ឋកិច្ច ដើម្បីបានគ្រប់គ្រងកោះ Greenland ដែលជាតំបន់ស្វយ័តរបស់ប្រទេសដាណឺម៉ាក។ ក្រោមលក្ខខណ្ឌរបស់លោក គឺលោក ត្រាំ ចង់ឱ្យដាណឺម៉ាក លក់កោះ Greenland ប៉ុន្តែរដ្ឋាភិបាលដាណឺម៉ាក បានចេញមុខបដិសេធ។ នាយករដ្ឋមន្រ្តីកោះ Greenland ក៏បានចេញមុខអះអាងដែរថា កោះនេះ មិនមែនសម្រាប់ការទិញលក់នោះទេ។

កាលពីអំឡុងអាណត្តិកាន់អំណាចដំបូង លោក ត្រាំ ក៏ធ្លាប់លើកឡើងនូវគំនិតចង់ទិញកោះ Greenland ដែរ។ កាលពីថ្ងៃពុធ រដ្ឋាភិបាលដែនកោះតំបន់អាកទិកមួយនេះ បានទទួលស្គាល់នូវ ការប្រែប្រួលផ្លាស់ប្តូរ នៃស្ថានភាពសន្តិសុខ នៅក្នុងតំបន់អាកទិក ហើយបាននិយាយថា ខ្លួនទន្ទឹងរង់ចាំធ្វើការ ជាមួយអនាគតរដ្ឋបាល របស់លោក ត្រាំ និងសម្ព័ន្ធមិត្ត NATO ដទៃទៀត ដើម្បីធានា​សន្តិសុខនិងស្ថិរភាព ក្នុងតំបន់។

គួរបញ្ជាក់ថា Greenland មានទីតាំងភូមិសាស្រ្ត លាតសន្ធឹងនៅលើផ្លូវខ្លីជាងគេ រវាងអឺរ៉ុបនិងអាមេរិកខាងជើង ហើយមានសារសំខាន់ជាខ្លាំង ខាងផ្នែកយុទ្ធសាស្រ្ត សម្រាប់យោធាអាមេរិក ក៏ដូចជាប្រព័ន្ធប្រកាសអាសន្នទាន់ពេលវេលា អំពីមីស៉ីលបាលិស្ទីគ របស់សហរដ្ឋអាមេរិក៕