(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី៨ ខែមករា សេតវិមាន បានប្រកាសថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលុបចោល គម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៉ីតាលី ដោយសារតែបញ្ហាភ្លើងឆេះព្រៃ នៅរដ្ឋ California។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

សេតវិមានបានគូសបញ្ជាក់ថា លោក បៃដិន បានសម្រេចចិត្តលុបចោលគម្រោងទស្សនកិច្ចនោះ ដោយសារតែរូបលោកចង់ផ្តោត លើការងារដឹកនាំកិច្ចប្រឹងប្រែងឆ្លើយតបឱ្យពេញលេញ របស់រដ្ឋាភិបាលសហព័ន្ធ ចំពោះភ្លើងឆេះព្រៃនៅ California។ កាលពីខែធ្នូ ឆ្នាំ២០២៤ សេតវិមានធ្លាប់បានប្រកាសថា លោក បៃដិន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់អ៉ីតាលី ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដើម្បីជួបសម្តេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៉ីស ព្រមទាំងប្រធានាធិបតីអ៉ីតាលី លោក Sergio Mattarella និង​នាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី Giorgia Meloni។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ ដែលវាយប្រហារព័ទ្ធជុំវិញទីក្រុង Los Angeles បានបន្តរីករាលដាលទៅ ដល់តំបន់ Hollywood Hills បន្ទាប់ពីវាបានផ្តាច់ជីវិតមនុស្សយ៉ាងហោច៥នាក់ បំផ្លិចបំផ្លាញលំនៅដ្ឋានរាប់រយខ្នង ហើយបង្ខំ​ឱ្យមនុស្សកើនដល់ប្រហែល១០០ ០០០នាក់ ត្រូវជម្លៀសខ្លួនទៅរកទីសុវត្ថិភាព៕