(វ៉ាស៊ីនតោន)៖ យោងតាមមន្ត្រីអាមេរិកមួយរូបបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក Joe Biden គ្រោងនឹងប្រកាសពីទណ្ឌកម្មថ្មី ប្រឆាំងនឹងសេដ្ឋកិច្ចរបស់រុស្ស៊ី ក្នុងសប្តាហ៍នេះ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងចុងក្រោយ ដើម្បីគាំទ្រដល់អ៊ុយក្រែន មុនពេលប្រធានាធិបតីជាប់ឆ្នោតចូលកាន់តំណែង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។
ទោះបីជាមិនមានព័ត៌មានលម្អិតអំពីទណ្ឌកម្មថ្មីនេះក៏ដោយ ក៏មន្ត្រីអាមេរិកបានបញ្ជាក់ថា ក្រុមការងាររបស់លោក Biden កំពុងរាយការណ៍ជូន ក្រុមការងាររបស់ប្រធានាធិបតីជាប់ឆ្នោត អំពីវិធានការទាំងនេះ។
ចំណាត់ការនេះ កើតឡើងស្របពេលដែលរដ្ឋបាលលោក Biden កំពុងរៀបចំបញ្ជូនជំនួយយោធាថ្មីដល់អ៊ុយក្រែនដែលមានតម្លៃ ៥០០ លានដុល្លារ។ កញ្ចប់ជំនួយនេះ ត្រូវបានគេរាយការណ៍ថា នឹងរួមបញ្ចូលទាំងមីស៊ីលការពារដែនអាកាស គ្រាប់បែកពីអាកាសទៅដី និងឧបករណ៍ជំនួយសម្រាប់យន្តហោះចម្បាំង F-16 ផងដែរ។
ក្រុមមន្ត្រីរបស់លោក Biden អះអាងថា ពួកគេចង់ដាក់អ៊ុយក្រែននៅក្នុងទីតាំងដ៏រឹងមាំបំផុតលើសមរភូមិ ដើម្បីផ្តល់ឱ្យពួកគេនូវអានុភាពកាន់តែខ្លាំង សម្រាប់ការចរចាដែលអាចនឹងកើតមានជាមួយរុស្ស៊ីនៅឆ្នាំនេះ។
គួរបញ្ជាក់ថា ការវិលត្រឡប់មកកាន់សេតវិមាន របស់លោក ដូណាល់ ត្រាំ នៅថ្ងៃទី ២០ ខែមករា ត្រូវបានគេមើលឃើញថា អាចនឹងនាំមកនូវក្តីសង្ឃឹមសម្រាប់ដំណោះស្រាយការទូត ចំពោះជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ទន្ទឹមនឹងនេះ ការណ៍នេះក៏បានបង្កឱ្យមានការព្រួយបារម្ភនៅក្នុងទីក្រុងកៀវផងដែរ ជុំវិញលទ្ធភាពនៃសន្តិភាពដែលអាចនឹងកើតមានក្នុងពេលឆាប់ៗ តែត្រូវបង់ក្នុងតម្លៃដ៏ខ្ពស់។ ទីប្រឹក្សារបស់អតីតប្រធានាធិបតីរូបនេះ បានបង្ហើបពីសំណើបញ្ចប់សង្រ្គាម ដែលអាចនឹងតម្រូវឱ្យអ៊ុយក្រែនត្រូវប្រគល់ផ្នែកធំៗនៃទឹកដីរបស់ខ្លួន ទៅឱ្យរុស្ស៊ីនាពេលអនាគតដ៏ខ្លីខាងមុខ៕