(សេអ៊ូល)៖ នៅថ្ងៃសុក្រ ទី១០ ខែមករា ប្រធានកងការពារសន្តិសុខរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានព្រមានថា លោក Yoon ដែលប្រឈមមុខការស៉ើបអង្កេតព្រហ្មទណ្ឌ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំមុន គឺបានទទួលរងភាពអយុត្តិធម៌ ក្នុងនាមជាមេដឹកនាំមួយរូប ដែលមិនទាន់ត្រូវបានដកតំណែងនៅឡើយ ហើយបានព្រមានថា ការបង្កហិង្សាបង្ហូរឈាម ចាំបាច់ត្រូវតែចៀសវាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥។

លោក Park Chong-jun ប្រធានកងអង្គរក្សប្រធានាធិបតី ហៅកាត់ PSS គឺខ្លួនលោកផ្ទាល់ ក៏កំពុងស្ថិតក្រោមការស៉ើបអង្កេតផងដែរ សម្រាប់ការរារាំងភារកិច្ចផ្លូវការរបស់អាជ្ញាធរ ពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នា អស់រយៈពេល៦ម៉ោង កាលពីសប្តាហ៍មុន រវាងក្រុមភ្នាក់ងារ PSS និងក្រុមអ្នកស៉ើបអង្កេត ដែលព្យាយាមអនុវត្តដីកាចាប់ខ្លួន លោក Yoon។

ពេលទៅដល់ទីស្នាក់ការប៉ូលិសនាថ្ងៃសុក្រនេះ សម្រាប់ការសាកសួរ លោក Park ដែលធ្លាប់ជាមន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់ដែរនោះ បាននិយាយថា សកម្មភាពប៉ុនប៉ងចាប់ខ្លួន ប្រធានាធិបតីមួយរូប ដែលនៅកាន់តំណែងនៅឡើយ នាពេលនេះ គឺជារឿងខុសឆ្គង ហើយលោក Yoon គួរតែទទួលបានការប្រព្រឹត្តទៅលើ ដែលសមនឹងឋានៈជាមេដឹកនាំប្រទេស។ លោក Park បានបន្តទៀតថា មិនគួរមានការប៉ះទង្គិចហិង្សា ឬការបង្ហូរឈាមឡើយ ទោះស្ថិតក្រោមកាលៈទេសៈណាក៏ដោយ។

កាលពីសប្តាហ៍មុន ភ្នាក់ងារ PSS រាប់រយនាក់ បានរារាំងក្រុមអ្នកស៉ើបអង្កេត មិនឱ្យចាប់ខ្លួន លោក Yoon នៅវិមានប្រធានាធិបតី ខណៈក្រុមអ្នកស៉ើបអង្កេត បានសម្រេចចិត្តដកថយទៅវិញ ព្រោះខ្លាចប៉ះទង្គិចគ្នា។ ការិយាល័យស៉ើបអង្កេតអំពើពុករលួយ CIO ដែលកំពុងដឹកនាំការស៉ើបអង្កេតលើលោក Yoon បានអះអាងថា ក្រុមភ្នាក់ងារ PSS មានបំពាក់អាវុធនៅជាប់ខ្លួន អំឡុងការប្រឈមមុខគ្នានាពេលនោះ ប៉ុន្តែពុំមានអាវុធណាមួយ ត្រូវបានដកយកមកប្រើឡើយ។ ក្នុងសប្តាហ៍នេះ ក្រុមអ្នកស៉ើបអង្កេត ទើបទទួលបានដីកាថ្មីពីតុលាការ សម្រាប់ការចាប់ខ្លួន លោក Yoon។

គួរបញ្ជាក់ថា លោក Yoon Suk Yeol ត្រូវបានសភាព្យួរអំណាច ចាប់តាំងពីថ្ងៃទី១៤ ខែធ្នូ ក្រោយការប្រកាសច្បាប់អាជ្ញាសឹក ហើយនាពេលនេះ តុលាការធម្មនុញ្ញ កំពុងដំណើរការរឿងក្តី ដើម្បីសម្រេចជាចុងក្រោយថា តើនឹងត្រូវដកតំណែងលោកជាផ្លូវការ ឬមួយក៏ស្តារអំណាចលោកឡើងវិញ៕