(ប៉េកាំង)៖ ចាប់តាំងពីចូលជាសមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០១ ប្រទេសចិនបានខិតខំធ្វើ សមាហរណកម្មយ៉ាងឆាប់រហ័សទៅក្នុងសេដ្ឋកិច្ចសកល និងបានក្លាយទៅជាដៃគូពាណិជ្ជកម្មឈានមុខរបស់ប្រទេស និងតំបន់ជាង ១៤០ ក្នុងពិភពលោក។ ក្នុងនាមជាប្រទេសដែលគាំទ្រយ៉ាងសកម្ម ដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ប្រទេសចិនតែងតែខិតខំប្រឹងប្រែង លើកកម្ពស់ពាណិជ្ជកម្មសេរី តាមរយៈការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងការដាក់ចេញនូវវិធានការអនុគ្រោះនានា ជាបន្តបន្ទាប់។

នាពេលថ្មីៗនេះ រដ្ឋាភិបាលចិនបានប្រកាសដាក់ចេញ នូវវិធានការបន្ធូរបន្ថយអត្រាពន្ធគយលើ ផលិតផលនាំចូលមួយចំនួនធំ និងបានសន្យាផ្តល់ការអនុគ្រោះពន្ធគយសូន្យ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ តិចតួចបំផុតចំនួន ៤៣។ នេះគឺជាការបោះជំហានថ្មីមួយទៀត របស់រដ្ឋាភិបាលចិន ក្នុងដំណើរឆ្ពោះទៅរកការបើកទូលាយសេដ្ឋកិច្ចកម្រិតខ្ពស់ និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលនឹងមិនត្រឹមតែរួមចំណែកដល់ ការងើបឡើងនៃសេដ្ឋកិច្ចសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវកាលានុវត្តន៍ភាពអភិវឌ្ឍន៍ថ្មីៗ ដល់ប្រទេសលោកខាងត្បូងផងដែរ។

ការដាក់ចេញនូវគោលនយោបាយអនុគ្រោះពន្ធគយខាងលើ នឹងអនុញ្ញាតឱ្យប្រទេសកំពុងអភិវឌ្ឍន៍ មានលទ្ធភាពបង្កើនភាពប្រកួតប្រជែង ក្នុងការនាំចេញផលិតផល ដែលខ្លួនមាន ឧត្តមភាពប្រៀបធៀបទៅកាន់ប្រទេសចិន ដែលជាទីផ្សារធំជាងគេលំដាប់ទី២ របស់ពិភពលោក។

ការភ្ជាប់ទំនាក់ទំនងរវាងផលិតករក្នុងស្រុក ទៅនឹងទីផ្សារយក្សដូចជាប្រទេសចិន បានផ្តល់នូវឱកាសមាសសម្រាប់ ប្រទេសលោកខាងត្បូងក្នុងការបង្កើនចំណូលជាតិ កាត់បន្ថយភាពក្រីក្រ និងពង្រឹងភាពធន់សេដ្ឋកិច្ច ដែលនឹងជួយពន្លឿនការអនុវត្ត នូវរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ប្រទេសអាស៊ានភាគច្រើន បាននិងកំពុងទទួលប្រយោជន៍សេដ្ឋកិច្ចជាច្រើន ពីការនាំចេញផលិតផលសំខាន់ៗរួមមានកសិផល និងម្ហូបអាហារកែច្នៃទៅកាន់ទីផ្សារចិន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ហើយការបន្ធូរបន្ថយអត្រាពន្ធគយនេះ នឹងកាន់តែបង្កលក្ខណៈងាយស្រួលបន្ថែមទៀតដល់ប្រទេសអាស៊ាន ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារចិន ដែលនឹងបង្កើនសន្ទុះថ្មីដល់ការធ្វើពាណិជ្ជកម្ម រវាងតំបន់ទាំងពីរ និងជំរុញសេដ្ឋកិច្ចតំបន់ ឱ្យកាន់តែមានភាពរស់រវើកថែមទៀត។

ក្រៅពីនេះ វិធានការបន្ធូរបន្ថយពន្ធគយរបស់រដ្ឋាភិបាលចិន នឹងផ្តល់ឱកាសដល់ប្រទេសលោកខាងត្បូង អាចមានលទ្ធភាព លើកកម្ពស់ទំនើបកម្មវិស័យកសិកម្ម និងវិវត្តខ្លួនពីប្រទេសនាំចេញវត្ថុធាតុដើម ទៅជាប្រទេសនាំចេញផលិតផលមានតម្លៃបន្ថែម ដើម្បីបំពេញតម្រូវការដ៏សម្បូរបែបរបស់ប្រជាជនចិន។ តាមការគ្រោងទុក ចំនួនអ្នកមានចំណូលមធ្យមក្នុងប្រទេសចិន នឹងកើនឡើងរហូតដល់ ៨០០ លាននាក់ នៅឆ្នាំ២០៣០ ពោលគឺតម្រូវការសកលសម្រាប់ផលិតផលមានគុណភាព នឹងកើនឡើងគួរឱ្យកត់សម្គាល់។

ក្នុងន័យនេះ គោលនយោបាយអនុគ្រោះពន្ធគយសូន្យរបស់ចិន នឹងក្លាយទៅជាកត្តាជំរុញដ៏សំខាន់ដល់អ្នកវិនិយោគចិន និងអន្តរជាតិឱ្យចូលទៅបណ្តាក់ទុន ក្នុងប្រទេសកំពុងអភិវឌ្ឍន៍តិចតួចបំផុត សំដៅផលិតទំនិញមានគុណភាព សម្រាប់ការនាំចេញទៅកាន់ទីផ្សារចិន ដើម្បីទាញយកប្រយោជន៍ពី ការអនុគ្រោះពន្ធគយសូន្យរបស់រដ្ឋាភិបាលចិន។ ការវិនិយោគទាំងនេះមិនត្រឹមតែបង្កើត ឱកាសការងារដល់ប្រជាជន និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសម្ចាស់ផ្ទះនោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការផ្ទេរជំនាញ និងបច្ចេកវិទ្យា ដែលចាំបាច់សម្រាប់ការធ្វើទំនើបកម្មកសិកម្ម និងឧស្សាហូបនីយកម្ម ក្នុងប្រទេសកំពុងអភិវឌ្ឍន៍តិចតួចបំផុតផងដែរ។

សម្រាប់កម្ពុជា រដ្ឋាភិបាលកំពុងខិតខំលើកកម្ពស់ទំនើបកម្មវិស័យកសិកម្ម ឱ្យកាន់តែមានស្តង់ដារ និងការប្រកួតប្រជែងខ្ពស់ សម្រាប់ការនាំចេញផលិតផល ដែលមានឧត្តមភាពប្រៀបធៀប ទៅកាន់ទីផ្សារបរទេស ជាពិសេសទីផ្សារចិន។ តាមរយៈការលើកទឹកចិត្តដល់វិនិយោគិនបរទេស ចូលមកបណ្តាក់ទុនលើវិស័យអាទិភាពនានា រួមមានកសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបអាហារជាដើម កម្ពុជាអាចពង្រឹងឧត្តមភាពប្រៀបធៀបរបស់ខ្លួន និងបាននាំចេញកសិផលសំខាន់ៗ ជាច្រើនទៅកាន់ទីផ្សារចិន ដែលរួមមានអង្ករ ស្វាយ ចេក ម្រេច និងកៅស៊ូ ។ល។

ការអនុគ្រោះពន្ធគយសូន្យរបស់រដ្ឋាភិបាលចិន នឹងបង្កើនការប្រកួតប្រជែងរបស់កម្ពុជា និងបង្កលក្ខណៈងាយស្រួល ក្នុងការនាំចេញផលិតផលកាន់តែច្រើន បន្ថែមទៀតទៅកាន់ទីផ្សារចិននៅឆ្នាំខាងមុខ។

សរុបមក វិធានការបន្ធូរបន្ថយពន្ធគយ ដែលត្រូវបានដាក់ចេញកាលពីពេលថ្មីៗនេះ មិនត្រឹមតែបង្ហាញឱ្យឃើញ ពីការប្តេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលចិន ក្នុងការបើកទូលាយសេដ្ឋកិច្ច កម្រិតខ្ពស់នោះទេ ប៉ុន្តែថែមទាំងផ្តល់ នូវកាលានុវត្តន៍ភាពថ្មីៗដល់ប្រទេសលោកខាងត្បូង ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍តិចតួចបំផុត ទទួលបាន នូវប្រព័ន្ធអនុគ្រោះពន្ធគយ ក្នុងការពង្រីកទីផ្សារនាំចេញទៅកាន់ប្រទេសចិន លើកកម្ពស់ទំនើបកម្មវិស័យកសិកម្ម និងជំរុញការវិនិយោគបរទេសផងដែរ។

កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការលើកកម្ពស់ការបើកទូលាយសេដ្ឋកិច្ច និងប្រកាន់ខ្ជាប់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី នឹងទទួលបានការគាំទ្រកាន់តែខ្លាំងពី សហគមន៍អន្តរជាតិ ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹង ការកើនឡើងនៃគោលនយោបាយគាំពារនិយម និងហានិភ័យនៃភូមិសាស្ត្រនយោបាយ៕

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា