(កៀវ)៖ អ៊ុយក្រែនបានបង្ហាញក្តីរំពឹងថា នឹងមានកិច្ចប្រជុំកំពូលរវាងប្រធានាធិបតី Volodymyr Zelenskiy និងប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីពិធីសម្ពោធចូលកាន់តំណែងរបស់លោក ត្រាំ នៅថ្ងៃទី ២០ ខែមករា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីក្រុងកៀវ កំពុងស្វែងរកការបង្កើតទំនាក់ទំនងយ៉ាងឆាប់រហ័ស និងជិតស្និទ្ធជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដោយសង្ឃឹមថា នឹងទទួលបានការគាំទ្រក្នុងការបញ្ចប់សង្រ្គាម ដែលអូសបន្លាយជិតបីឆ្នាំជាមួយរុស្ស៊ី។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក បានបង្ហាញពីឆន្ទៈក្នុងការជួបពិភាក្សា ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីស្វែងរកដំណោះស្រាយចំពោះសង្រ្គាម។ អ៊ុយក្រែន មិនបានប្រឆាំងនឹងគំនិតនេះទេ ដែលបង្ហាញពីការផ្លាស់ប្តូរជំហរ របស់អ៊ុយក្រែន ចំពោះការចរចាជាមួយរុស្ស៊ី។
លោក Trump ក៏បានតែងតាំងបេសកជនពិសេសម្នាក់ គឺលោក Keith Kellogg ដើម្បីដោះស្រាយបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ ដំណើរទស្សនកិច្ចរបស់លោក Kellogg ទៅកាន់អ៊ុយក្រែន ត្រូវបានពន្យារពេលរហូតដល់ក្រោយពិធីសម្ពោធចូលកាន់តំណែងនៅខែមករានេះ។ ទោះជាយ៉ាងណា អ៊ុយក្រែនបានបញ្ជាក់ថា ការពន្យារពេលនេះ គឺដោយសារហេតុផលផ្លូវច្បាប់។
គួរបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ក្នុងការបង្កើតទំនាក់ទំនង ជាមួយរដ្ឋបាលថ្មីរបស់អាមេរិក បង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្រ្តនិងការស្វែងរកការគាំទ្រ ពីសម្ព័ន្ធមិត្តថ្មី។ អ៊ុយក្រែនក៏បានបង្ហាញពីឆន្ទៈក្នុងការចរចាដើម្បីបញ្ចប់សង្រ្គាម ទោះបីជាមានការព្រួយបារម្ភអំពីឥទ្ធិពលរបស់រុស្ស៊ីក៏ដោយ៕