(ប៉េកាំង)៖ ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា បានចេញសេចក្តីព្រមានមួយ នៅថ្ងៃសុក្រនេះ ដោយជំរុញឱ្យប្រជាពលរដ្ឋចិនប្រុងប្រយ័ត្នខ្ពស់ ចំពោះការបោកប្រាស់តាមទូរគមនាគមន៍ និងអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការព្រមាននេះ កើតឡើងបន្ទាប់ពីមានរបាយការណ៍ជាច្រើនករណី ដែលពលរដ្ឋចិន ត្រូវបានគេបោកបញ្ឆោតឱ្យទៅកាន់ទីក្រុង Myawaddy ដែលជាទីក្រុងជាប់ព្រំដែន នៃប្រទេសមីយ៉ាន់ម៉ា តាមរយៈការផ្សព្វផ្សាយបោកប្រាស់ អំពី «ការងារនៅបរទេស ដែលមានប្រាក់ខែខ្ពស់»។

ស្ថានទូតបានក្រើនរំឭកដល់ពលរដ្ឋចិន ឱ្យជៀសវាងការធ្លាក់ខ្លួនជាជនរងគ្រោះ នៃការឆបោកទាំងនេះ ដែលអាចបង្កគ្រោះថ្នាក់ដល់ទាំងសុវត្ថិភាព និងទ្រព្យសម្បត្តិ របស់ពួកគេ។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពី ករណីដ៏ល្បីមួយដែលពាក់ព័ន្ធនឹង តារាសម្តែងជនជាតិចិនម្នាក់ដែលបានបាត់ខ្លួន កាលពីសប្តាហ៍មុន បន្ទាប់ពីធ្វើដំណើរទៅកាន់ប្រទេសថៃ។ ក្រោយមកតារាសម្តែងរូបនេះត្រូវបានគេរកឃើញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយត្រូវបានគេជឿថា ជាជនរងគ្រោះនៃការជួញដូរមនុស្ស៕