(ហ្ស៊េរុយសាឡិម)៖​ បេសកជនទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ គឺលោក Steve Witkoff បានជួបនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃសៅរ៍ ទី១១ ខែមករា ចំពោះមុខការជំរុញឱ្យមានបទឈប់បាញ់នៅហ្កាហ្សា។ នេះបើតាមការិយាល័យរបស់លោក Netanyahu ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

​ការិយាល័យរបស់លោក Netanyahu បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថានៅបន្ទាប់ពីកិច្ចប្រជុំ លោក Netanyahu បានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មួយក្រុមដែលក្នុងនោះ មានទាំងប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad ទៅកាន់ប្រទេសកាតា ដើម្បីជំរុញកិច្ចចរចាដោះលែងចំណាប់ខ្មាំងដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា។ ដោយឡែក កាលពីថ្ងៃសៅរ៍ មន្ត្រីអ៉ីស្រាអែលម្នាក់បាននិយាយថាមានភាពរីកចម្រើនមួយចំនួននៅក្នុងកិច្ចចរចាដោយប្រយោលរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ក្រោមការសម្របសម្រួលពី អេហ្ស៉ីប កាតា និងសហរដ្ឋអាមេរិក ដើ​ម្បីឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់តំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា ក្រុមអ្នកសម្របសម្រួល កំពុងប្រឹងប្រែងសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ឈប់ការវាយប្រយុទ្ធគ្នាក្នុងតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល នៅសេសសល់ មុននឹងលោក ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករានេះ ខណៈចំនួនជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ ក្នុងសង្រ្គាមកើនដល់ ជាង ៤៦ ០០០នាក់៕