(សេអ៊ូល)៖ សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ ទី១២ ខែមករា បានទទួលស្គាល់ថាអ៊ុយក្រែនពិតជាបានចាប់ខ្លួនទាហានកូរ៉េខាងជើង២នាក់ ដែលបានរងរបួសប្រាកដមែន បន្ទាប់ពីទីក្រុងកៀវបានអះអាងថាពួកគេកំពុងសួរចម្លើយទាហានទាំង២នាក់នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ៊ុយក្រែន និងសហរដ្ឋអាមេរិក បាននិយាយថាកូរ៉េខាងជើងបានបញ្ជូនទាហានច្រើនជាង ១០ ០០០នាក់ ទៅជួយកងកម្លាំងរុស្ស៉ី។ សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង ហៅកាត់ថា NIS បាន ឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថាខ្លួនអាចបញ្ជាក់បានថាយោធាអ៊ុយក្រែនបានចាប់ខ្លួនទាហានកូរ៉េខាងជើង២នាក់ កាលពីថ្ងៃទី៩ ខែមករា នៅឯសមរភូមិក្នុងតំបន់ Kursk របស់រុស្ស៉ី។ អ៊ុយក្រែនមិនបាន ផ្ដល់ភស្តុតាងលម្អិតថាទាហានទាំង២នាក់ដែលត្រូវបានចាប់ខ្លួនគឺជាទាហានកូរ៉េខាងជើងនោះទេ។ ប៉ុន្តែ ការអះអាងរបស់ NIS អាចបន្ថែមទម្ងន់ទៅលើការអះអាងរបស់ចារកម្មអ៊ុយក្រែន SBU ស្របពេល ចារកម្មនៃប្រទេសទាំង២បានអះអាងស្រដៀងគ្នាថាទាហានកូរ៉េខាងជើងម្នាក់ ក្នុងចំណោមទាំង២នាក់ខាងលើ បាននិយាយថាដំបូងឡើយពួកគេជឿថាជាក់ខ្លួនត្រូវបានបញ្ជូនទៅកាន់រុស្ស៉ីសម្រាប់ ការបណ្ដុះបណ្ដាលតែប៉ុណ្ណោះ មិនមែនដើម្បីប្រយុទ្ធនោះទេ។

NIS បានបន្ថែមថានឹងបន្តធ្វើកិច្ចសហការ និងចែករំលែកព័ត៌មានជាមួយ SBU អំពីវត្តមានទាហានកូរ៉េខាងជើងនៅអ៊ុយក្រែន។ ចំណែក ខាងរុស្ស៉ី និងកូរ៉េខាងជើងមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ៕