(ប៉ារីស)៖ ក្នុងសញ្ញាបង្ហាញពីគោលនយោបាយការបរទេសដ៏តឹងតែងមួយ ក្រោមរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក លោក Keith Kellogg បេសកជនអ៊ុយក្រែនរបស់ប្រធានាធិបតីអាមេរិកជាប់ឆ្នោត ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការដាក់ «សម្ពាធអតិបរមា»លើអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។
ការអំពាវនាវនេះ ធ្វើឡើនៅក្នុងព្រឹត្តិការណ៍ប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់មួយ ដែលរៀបចំឡើង ដោយក្រុមប្រឹក្សាជាតិនៃការតស៊ូរបស់អ៊ីរ៉ង់ ដែលហៅកាត់ថា NCRI នៅទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍។ នាឱកាសនោះ លោកបានសង្កត់ធ្ងន់លើគោលដៅជំរុញឱ្យមានការផ្លាស់ប្តូររបស់ប្រទេសនេះ ទៅរកលទ្ធិប្រជាធិបតេយ្យ។
ឧត្តមសេនីយចូលនិវត្តន៍ Kellogg ដែលត្រូវបានតែងតាំង ជាបេសកជនពិសេស ទទួលបន្ទុកកិច្ចការអ៊ុយក្រែននិងរុស្ស៊ី បានលើកឡើង ពី «ឱកាសមាស» ក្នុងការផ្លាស់ប្តូរអ៊ីរ៉ង់ឱ្យកាន់តែប្រសើរឡើង។ លោកបានព្រមានថា ឱកាសនេះនឹងមិនស្ថិតស្ថេរជារៀងរហូត នោះទេ ហើយបានអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ ដើម្បី «ទាញយកភាពទន់ខ្សោយ» របស់អ៊ីរ៉ង់ដែលកំពុងតែមាន។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា សម្ពាធដែលលោកកំពុងអំពាវនាវមិនត្រឹមតែផ្នែកយោធាប៉ុណ្ណោះទេ តែត្រូវតែរួមបញ្ចូលទាំងវិស័យ សេដ្ឋកិច្ចនិងការទូតផងដែរ។
ក្រសួងការបរទេសអ៊ីរ៉ង់ បានចេញប្រតិកម្មយ៉ាងខ្លាំងក្លាដោយថ្កោលទោសបារាំង ពីបទធ្វើជាម្ចាស់ផ្ទះឱ្យក្រុម NCRI ដែលអ៊ីរ៉ង់ចាត់ទុកជា «ក្រុមភេរវករ»។ អ៊ីរ៉ង់បានចាត់ទុកទង្វើរបស់បារាំងថាជា ការគាំទ្រដល់អំពើភេរវកម្ម និងជាការរំលោភ លើកាតព្វកិច្ចអន្តរជាតិ៕