(ម៉ានីល)៖ ហ្វីលីពីន សហរដ្ឋអាមេរិក និងជប៉ុន បានសន្យាថានឹងពង្រឹងទំនាក់ទំនងត្រីភាគីរបស់ខ្លួនឱ្យកាន់តែស៊ីជម្រៅ ចំពោះមុខការកើនឡើងភាពតានតឹងនៅក្នុងដែនទឹកក្នុងតំបន់។ នេះជាការគូសបញ្ជាក់របស់ទីក្រុងម៉ានីល នៅថ្ងៃចន្ទ ទី១៣ ខែមករា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សេចក្ដីថ្លែងការណ៍មួយរបស់ការិយាល័យលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ដែលត្រូវបានចេញផ្សាយក្រោយជំនួបតាមប្រព័ន្ធអនឡាញរវាងលោក Marcos ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានឱ្យដឹងទៀតថាប្រទេសទាំង៣ បានព្រមព្រៀងគ្នាដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែនសមុទ្រ និងបច្ចេកវិទ្យា។ តាមសេចក្ដីថ្លែងការណ៍នេះដដែល លោក Marcos បានគូសបញ្ជាក់ថាលោកផ្ទាល់មានជំនឿចិត្តថាប្រទេសទាំង៣ នឹងបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីការពារផលប្រយោជន៍ដែលប្រទេសទាំង៣ សម្រេចបាននៅក្នុងការពង្រឹង និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅនាពេលកន្លងមក។
គួរបញ្ជាក់ថា តាមការិយាល័យលោកប្រធានាធិបតីហ្វីលីពីន លោក ចូ បៃដិន បាននិយាយថាលោកមានសុទិដ្ឋិនិយមចំពោះលោក ដូណាល់ ត្រាំ ដែលនឹងត្រូវស្បថចូលកាន់តំណែងជា ប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករាខាងមុខនេះ ថានឹងនៅតែបន្តមើលឃើញពីគុណតម្លៃនៃភាពជាដៃគូរវាងសហរដ្ឋអាមេរិក ហ្វីលីពីន និងជប៉ុន៕