(ញូវដេលី)៖ ពិធីបុណ្យ Kumbh Mela របស់អ្នកកាន់សាសនាហិណ្ឌូនៅឥណ្ឌា បានប្រារព្ធឡើងនៅថ្ងៃចន្ទ ទី១៣ ខែមករានេះ ដោយមានអ្នកធ្វើធម្មយាត្រាយ៉ាងច្រើនកុះករ មកចូលរួមការងូតទឹកតាមទំនៀមទំលាប់នៃពិធី នៅឯចំណុចប្រសព្វនៃទន្លេ Ganges, Yamuna និងទន្លេ Saraswati ជាកន្លែងដែលប្រជាជនជឿថា មានអាទិទេពចុះមកជួបគ្នានៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ្នករៀបចំព្រឹត្តិការនៃពិធីបុណ្យ រំពឹងថានឹងមានមនុស្សចំនួន ៤០០លាននាក់ ដែលជាការប្រមូលផ្តុំមនុស្សដ៏ច្រើនបំផុតមួយ នៃពិភពលោក។ ពិធីបុណ្យ Kumbh Mela មានអាយុកាលរាប់ពាន់ឆ្នាំមកហើយ និងជាការបង្ហាញពីការគោរពចំពោះសាសនា ដោយការងូតទឹកដ៏ពិសិដ្ឋ។ ចំពេលវេលាដែលមានអាកាសធាតុ​​ត្រជាក់ ​មុន​ថ្ងៃ​រះ អ្នក​ធ្វើ​ធម្ម​យាត្រា​បាន​ងើប​ឡើង​ ដើម្បីចាប់ផ្តើមការចេញទៅងូត​ទឹកទន្លេ។

ព្រះសង្ឃហិណ្ឌូ និងចៅអធិការនៃរដ្ឋ Uttar Pradesh លោក Yogi Adityanath បានស្វាគមន៍អ្នកកាន់សាសនាហិណ្ឌូ ដែលមកចូលរួមពិធីបុណ្យនេះ ដោយឡើកលើកថា វាជាបទពិសោធន៍នៃការរួបរួមក្នុងភាពចម្រុះ ការធ្វើសមាធិ ការងូតទឹកដ៏បរិសុទ្ធនៅទីប្រសព្វនៃជំនឿសាសនា និងនៅក្នុងសម័យកាលទំនើប។

ប៉ូលិស​ឥណ្ឌា​និយាយ​ថា ពួកគេ​កំពុង​ធ្វើ​ការ​ល្បាត​ទាំង​ថ្ងៃ​ទាំង​យប់​​ ដើម្បី​ធានា​សុវត្ថិភាព​កម្រិត​ខ្ពស់​សម្រាប់​ព្រឹត្តិការណ៍​នេះ។ អាជ្ញាធរ និងប៉ូលិស ក៏បានរៀបចំទីតាំងផ្តល់ព័ត៌មាន និងកម្មវិធីទូរស័ព្ទ ដើម្បីជួយដល់អ្នកដែលវង្វេងបាត់ផងដែរ៕