(បាងកក)៖ នៅថ្ងៃចន្ទ ទី១៣ ខែមករា នាយករដ្ឋមន្រ្តីនៃប្រទេសថៃ លោកស្រី Paetongtarn Shinawatra បានប្រកាសថា គណៈរដ្ឋមន្រ្តីថៃ បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលនឹងផ្តល់ភាពស្របច្បាប់ ដល់ការលេងល្បែងស៉ីសង និងការបើកកាស៉ីណូ នៅក្នុងប្រទេស ខណៈវាគឺជាចំណាត់ការមួយ មានគោលដៅលើកស្ទួយវិស័យទេសចរណ៍ ការងារ និងវិនិយោគ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
នៅក្រោមផែនការរបស់រដ្ឋាភិបាល សេចក្តីព្រាងច្បាប់ខាងលើ ដែលនឹងត្រូវបញ្ជូនទៅកាន់សភា សម្រាប់ការវែកញែកដេញដោល នឹងមើលឃើញ សកម្មភាពលេងល្បែងស៉ីសង អាចប្រព្រឹត្តទៅក្នុងកន្លែងកម្សាន្តទ្រង់ទ្រាយធំៗ នៅប្រទេសថៃ។ កាស៉ីណូ និងល្បែងស៉ីសងក្នុងទម្រង់ភាគច្រើន បច្ចុប្បន្នគឺខុសច្បាប់ នៅក្នុងប្រទេសអាស៊ានមួយនេះ ប៉ុន្តែការភ្នាល់បាល់ ចាក់ឆ្នោត និងសកម្មភាពល្បែងស៉ីសង ដោយលួចលាក់ដទៃទៀត នៅតែមានព្រោងព្រាត។ មានតែល្បែងស៉ីសងមួយចំនួនប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាត ដូចជាការភ្នាល់សេះ និងឆ្នោតផ្សងសំណាងផ្លូវការ ដែលគ្រប់គ្រងដោយរដ្ឋ។
វិស័យទេសចរណ៍ គឺជាវិស័យជំរុញដ៏សំខាន់បំផុតមួយ នៃសេដ្ឋកិច្ចរបស់ប្រទេសថៃ។ បើតាមលោកស្រី Paetongtarn ការផ្តល់ភាពស្របច្បាប់ខាងលើ នឹងការពារសាធារណជន ហើយវាក៏នឹងជួយបង្កើនចំណូលបន្ថែម សម្រាប់រដ្ឋផងដែរ។ រដ្ឋាភិបាលថៃមុនៗ ធ្លាប់ព្យាយាមចង់រៀបចំ ឱ្យមានការគ្រប់គ្រងត្រឹមត្រូវ និងផ្តល់ភាពស្របច្បាប់ ដល់ការលេងល្បែងស៉ីសង នៅក្នុងប្រទេស ដើម្បីជំរុញសេដ្ឋកិច្ច ប៉ុន្តែរាល់ការប៉ុនប៉ងទាំងនោះ បានជួបឧបសគ្គរារាំង ដោយសារក្រុមអ្នកអភិរក្សនិយម។
គួរបញ្ជាក់ថា យោងតាមអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ លោក Julapun Amornvivat ចំណាត់ការខាងលើ អាចនឹងធ្វើឱ្យតួលេខភ្ញៀវទេសចរបរទេស ដែលមកទស្សនាប្រទេសថៃ ទទួលបានកំណើនចន្លោះពី៥% ទៅ១០% ហើយចំណូលវិស័យទេសចរណ៍ កើនចន្លោះប្រហែល១២០ពាន់លានបាត ទៅ២២០ពាន់លានបាត (៣.៤៥ពាន់លានដុល្លារ ទៅ៦.៣២ពាន់លានដុល្លារ)។ ទន្ទឹមគ្នានោះ ការងារថ្មីៗប្រមាណ៩០០០ ទៅ១៥០០០កន្លែង ក៏នឹងត្រូវបង្កើតឡើង ផងដែរ៕