(ប៉េកាំង)៖ “ទំនាក់ទំនងភាពជាដៃគូ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះរវាងចិននិងអាហ្វ្រិក ត្រូវបានរំពឹងថានឹងទទួលការអភិវឌ្ឍយ៉ាងស៊ីជម្រៅ ” “ចិនសន្យាថានឹងគាំទ្រអាហ្វ្រិកបង្កើនកិច្ចកសាងសមត្ថភាពសន្តិសុខ” “ចិនប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាហ្វ្រិក”។ល។ អំពីដំណើរទស្សនកិច្ច នៅអាហ្វ្រិករបស់លោក WangYiសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន ដែលបានបញ្ចប់នៅថ្ងៃទី១១ខែមករា ប្រព័ន្ធសារព័ត៌មានក្នុងតំបន់ជាច្រើនបានវាយតម្លៃ ដូចពោលខាងលើ។

អ្នកដែលស្គាល់ច្បាស់គោលនយោបាយការទូតរបស់ចិនសុទ្ធតែដឹងថា ដំណើរទស្សនកិច្ចលើកដំបូងជារៀងរាល់ឆ្នាំ របស់រដ្ឋមន្ត្រីការបរទេសចិនសុទ្ធតែនឹងជ្រើសរើស ប្រទេសអាហ្រ្វិក ប្រពៃណីនេះបានបន្តវេនអស់រយៈពេល៣៥ឆ្នាំហើយ ។ ឆ្នាំ២០២៥នេះជាខួបទី២៥នៃការបង្កើតវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក ហើយក៏ជាឆ្នាំចាប់ផ្តើមនៃការអនុវត្តជាក់ស្តែង នូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលក្រុងប៉េកាំងដែរ។ ក្រោមបរិបទបែបនេះ រដ្ឋមន្ត្រីការបរទេសចិនបានបំពេញទស្សនកិច្ច នៅប្រទេសចំនួនបួនគឺណាមីប៊ី កុងហ្គោ (Brazzaville)ឆាដ និងនីហ្សេរីយ៉ានៅដើមឆ្នាំនេះ វាមិនត្រឹមតែបានអនុវត្តតាម “ការណាត់គ្នានៅដើមឆ្នាំថ្មី” រវាងចិននិងអាហ្វ្រិកប៉ុណ្ណោះទេ ថែមទាំងក៏បានជំរុញការអនុវត្តជាក់ស្តែង នូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលក្រុងប៉េកាំង ផងដែរ។

មជ្ឈដ្ឋានខាងក្រៅបានសង្កេតឃើញថា ឆ្លងតាមរយៈការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ភាគីទាំងពីរចិននិងអាហ្វ្រិកបានគ្រោង “តារាងពេលវេលា”និង “ផែនទីបង្ហាញផ្លូវ” នៃការអភិវឌ្ឍវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក ក្នុងរយៈពេលបីឆ្នាំខាងមុខនេះ ។ ពេលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសចិន អ្នកនយោបាយសំខាន់ៗរបស់ប្រទេសអាហ្វ្រិកទាំងបួន បាននាំគ្នាកោតសរសើរចំពោះភាគីចិន ដែលបានគាំទ្រការអភិវឌ្ឍរបស់អាហ្វ្រិក ហើយលើកឡើងនូវការរំពឹងទុកថ្មីចំពោះ កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។

ឧទាហរណ៍ដូចជា ណាមីប៊ីបង្ហាញថា រីករាយបង្កើនកិច្ចសហប្រតិបត្តិការជាមួយ ភាគីចិនក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងធនធានថាមពលជាដើម។ ឆាដស្វាគមន៍សហគ្រាសចិន កាន់តែច្រើនទៅធ្វើការវិនិយោគ រំពឹងថានឹងជំរុញឱ្យកសិផល ប្រកបដោយគុណភាពខ្ពស់កាន់តែច្រើន ចូលក្នុងទីផ្សារចិន។ កុងហ្គោ (Brazzaville) ត្រូវដោះស្រាយជាបន្ទាន់នូវបញ្ហាប្រឈម ក្នុងវិស័យការកសាងហេដ្ឋារចនាសម្ព័ន្ធ កម្លាំងអគ្គិសនី កសិកម្មនិងការធ្វើឧស្សាហូបនីយកម្មជាដើម។ ប្រធានាធិបតីនីហ្សេរីយ៉ា បានតែងតាំងជាពិសេស នូវអគ្គលេខាធិការស្តីពី ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនីហ្សេរីយ៉ា-ចិន ដើម្បីទទួលបន្ទុកការសម្របសម្រួលនិងជំរុញ កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។

បើមើលជាទូទៅ សន្តិសុខនិងការអភិវឌ្ឍជាបញ្ហាដែលប្រទេសអាហ្វ្រិក យកចិត្តទុកដាក់បំផុតនាពេលបច្ចុប្បន្ន ។ ក្នុង “សកម្មភាពដៃគូធំ១០”ជាមួយអាហ្វ្រិករបស់ភាគីចិន មានចំនួន៦ គឺពាក់ព័ន្ធដល់បញ្ហាអភិវឌ្ឍន៍ ។ ក្នុងអំឡុងពេលបំពេញ ទស្សនកិច្ចនៅអាហ្វ្រិក រដ្ឋមន្ត្រីការបរទេសចិនបានថ្លែងជាសំខាន់ដល់ កិច្ចសហប្រតិបត្តិការខាងសន្តិសុខនិងការអភិវឌ្ឍ ជាមួយអាហ្វ្រិកម្តងទៀត។ ឧទាហរណ៍ដូចជា ភាគីចិនលើកឡើងថា នឹងគាំទ្រយ៉ាងមុតមាំឱ្យជនជាតិអាហ្វ្រិកដោះស្រាយ បញ្ហាអាហ្វ្រិកតាមទម្រង់អាហ្វ្រិក នឹងជួយប្រទេសអាហ្វ្រិក លុបបំបាត់ចោលកត្តាមិនសន្តិសុខតាមរយៈសកម្មភាពជាក់ស្តែង រីករាយធ្វើឱ្យបន្ស៊ីគ្នានូវឧត្តមភាពរៀងៗខ្លួនជាមួយប្រទេសពាក់ព័ន្ធ ត្រួសត្រាយសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថ្មីដូចជាថាមពលស្អាត រ៉ែបៃតងនិងហិរញ្ញវត្ថុជាដើមដោយឥតឈប់ឈរ ដើម្បីជួយអាហ្វ្រិកដើរតាមផ្លូវអភិវឌ្ឍន៍បៃតង និងកាបូនទាប។

អាហ្វ្រិកមានសុភាសិតមួយឃ្លាថា “អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិ៍ដ៏ពិតប្រាកដ”។ ក្នុងរយៈពេល២៥ឆ្នាំកន្លងទៅនេះ ភាគីចិនបានជួយអាហ្វ្រិកសាងសង់ផ្លូវថ្នល់ប្រវែង ១សែនគីឡូម៉ែត្រ ផ្លូវដែកជាង១ម៉ឺនគីឡូម៉ែត្រ ស្ពានជិតមួយពាន់ និងកំពង់ផែជិត១រយ ដែលបានផ្តល់ឱកាសការងារជាច្រើនដល់អាហ្វ្រិក និងផ្តល់ជំនួយគ្រប់បែបយ៉ាងដល់ប្រជាជនអាហ្វ្រិក ។ល។ ក្រោមការណែនាំរបស់ផែនការគោលថ្មី កិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក ត្រូវបានរំពឹងថានឹងបង្កើនល្បឿនក្នុងឆ្នាំថ្មី ជំរុញឱ្យកិច្ចប្រជុំកំពូលក្រុងប៉េកាំងទទួលបាន “សមិទ្ធផលក្នុងដំណាក់កាលដំបូង” កាន់តែច្រើន ដើម្បីរួមចំណែកជា “កម្លាំងចិន-អាហ្វ្រិក”នៃប្រជាជនចំនួន២ពាន់៨រយលាននាក់ ក្នុងការគាំពារសន្តិភាពនិងការអភិវឌ្ឍពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន