(យេរូសាឡឹម)៖ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen បានប្រកាសនៅថ្ងៃចន្ទនេះថា ប្រទេសដាណឺម៉ាកទទួលស្គាល់ថា សហរដ្ឋអាមេរិកមានផលប្រយោជន៍សន្តិសុខនៅក្នុងតំបន់អាកទិក ហើយត្រៀមខ្លួនជាស្រេចក្នុងការពិភាក្សាអំពីបញ្ហាទាំងនេះ ជាមួយរដ្ឋបាលដែលចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងយេរូសាឡឹម លោក Rasmussen បានបញ្ជាក់ថា «យើងយល់ស្របថា សហរដ្ឋអាមេរិកអាមេរិកមានការព្រួយបារម្ភខ្លះៗ អំពីស្ថានភាពសន្តិសុខនៅតំបន់អាកទិក ដែលយើង (ដាណឺម៉ាក) ចូលរួមចំណែកផងដែរ ដូច្នេះហើយក្នុងងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ Greenland យើងត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិកដែលចូលកាន់តំណែង ដើម្បីធានាផលប្រយោជន៍ស្របច្បាប់របស់អាមេរិក»

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសដាណឺម៉ាកនេះ គឺជាការឆ្លើយតប ទៅនឹងការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់អាកទិកនិងការរំពឹងទុក នៃគោលនយោបាយការបរទេសថ្មីរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលថ្មី។ ដាណឺម៉ាក កំពុងព្យាយាម រក្សាតុល្យភាព រវាងការរក្សាទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក និងការគោរពដល់សេចក្តីប្រាថ្នារបស់ហ្គ្រីនឡែនក្នុងបរិបទដ៏ស្មុគស្មាញនេះ៕