(ព្រុចសែល)៖ អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក Mark Rutte បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា បច្ចុប្បន្ន អ៊ុយក្រែនមិនទាន់មានជំហររឹងមាំគ្រប់គ្រាន់ សម្រាប់ធ្វើការចរចាសន្តិភាពជាមួយរុស្ស៉ីនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ ២០២៥។

លោក Rutte បានប្រាប់សមាជិកសភាសហភាពអឺរ៉ុប (EU) យ៉ាងដូច្នេះថា «ច្បាស់ណាស់ថា អ៊ុយក្រែនមិនអាចធ្វើបានទេ ពីព្រោះកិច្ចចរចាសន្តិភាពនេះ គឺចំពេលពួកគេមិនទាន់មានជំហររឹងមាំ។ យើង​ត្រូវ​ធ្វើ​បន្ថែម​ទៀត​ ដើម្បី​​ឱ្យ​ប្រាកដ​ថាជម្លោះ អាចបញ្ចប់ទៅបានយ៉ាងពិតប្រាកដ»

លោក Rutte បញ្ជាក់ទៀតថា​ «​យើង​ទាំងអស់​គ្នា​ចង់​ឱ្យ​សង្គ្រាម​បិទ​បញ្ចប់ ប៉ុន្តែ​សំខាន់​ជាង​នេះ​ទៀត​ គឺ​យើង​ចង់​ឱ្យមានសន្តិភាពឋិតឋេរ​។ សន្តិភាព​នឹង​មិន​ឋិតឋេរ​ឡើយ ប្រសិន​បើ​លោក ពូទីន នៅតែរកវិធីចូលមកកៀក​អ៊ុយក្រែន ព្រោះគេជឿជាក់ថា​លោក​នឹងនៅតែចង់​បន្តទៅ​មុខ»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ប្រមុខអង្គកាណាតូ បានធ្វើឡើងមុនពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ត្រូវស្បថចូលកាន់តំណែង នាថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ជាមួយនិងការប្តេជ្ញាចិត្តបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ឱ្យបានឆាប់រហ័ស។ ការប្តេជ្ញាចិត្តរបៀបនេះបង្កឱ្យមានការភ័យខ្លាចថា លោក ត្រាំ អាចកាត់បន្ថយការគាំទ្ររបស់វ៉ាស៉ីនតោនចំពោះទីក្រុងកៀវ រួចបង្ខំឱ្យអ៊ុយក្រែនធ្វើសម្បទាន៕