(ព្រុចសែល)៖ ក្រុមមេដឹកនាំនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) នឹងជួបជុំគ្នានៅប្រទេសបែលហ្ស៉ិក នាថ្ងៃទី៣ ខែកុម្ភៈ ដើម្បីបើកកិច្ចប្រជុំពិសេសមួយ ពាក់ព័ន្ធបញ្ហាការពារជាតិ ហើយកិច្ចប្រជុំនោះ ក៏នឹងមានការចូលរួមផងដែរ ពីនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស និងអគ្គលេខាធិការនៃអង្គការ NATO។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥។

កិច្ចប្រជុំខាងលើនឹងកើតមានឡើង ក្នុងបរិបទដ៏សំខាន់មួយ ដោយចក្រភពអង់គ្លេស និង EU ដែលសុទ្ធតែជាអ្នកគាំទ្រចម្បងរបស់​អ៊ុយក្រែន កំពុងរង់ចាំមើលដោយក្តីព្រួយបារម្ភ ចំពោះការសន្យារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលថា នឹងបិទបញ្ចប់យ៉ាងឆាប់រហ័ស នូវសង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៉ី ក្រោយលោកស្បថចូលកាន់អំណាច ជាផ្លូវការ នៅថ្ងៃទី២០ ខែមករា។ ម៉្យាងវិញទៀត លោក ត្រាំ ក៏បានទាមទារឱ្យប្រទេសសមាជិក NATO បង្កើនការចំណាយលើយោធា កាន់តែខ្ពស់ជាងមុន ថែមទៀតផង។

គួរបញ្ជាក់ថា លោក ត្រាំ នឹងត្រឡប់មកកាន់អំណាចសាជាថ្មីនៅសេតវិមាន ក្នុងរយៈពេលជិត៣ឆ្នាំ បន្ទាប់សង្រ្គាមឈ្លានពានរបស់​រុស្ស៉ី បានផ្ទុះឡើង ហើយចំពេលកងកម្លាំង ដែលហត់នឿយរបស់អ៊ុយក្រែន កំពុងត្រូវបានរុញច្រានថយក្រោយ នៅលើសមរភូមិ។ កាលពីសប្តាហ៍មុន ប្រមុខគោលនយោបាយការបរទេស EU លោកស្រី Kaja Kallas បានបញ្ជាក់ជាថ្មីថា លោកស្រីសង្ឃឹមថា សហរដ្ឋអាមេរិក នឹងបន្តរក្សាការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន ប៉ុន្តែប្រសិនបើមិនដូច្នោះទេនោះ អឺរ៉ុបត្រៀមលក្ខណៈជាស្រេច ដើម្បីដឹកនាំកិច្ចប្រឹងប្រែងគាំទ្រទីក្រុងកៀវ៕