(ស៉ីដនី)៖ ឆ្នេរកម្សាន្តចំនួន ៩កន្លែងនៅក្នុងទីក្រុងស៉ីដនី ប្រទេសអូស្រ្តាលី រួមទាំងឆ្នេរសមុទ្រដ៏ពេញនិយម Manly ត្រូវបានបិទមិនឱ្យចូលងូតទឹក នៅថ្ងៃអង្គារ ទី១៤ ខែមករានេះ បន្ទាប់ពីកម្ទេចកម្ទីតូចៗរាលមូលដូចបាល់ ពណ៌ស និងពណ៌ប្រផេះ រសាត់អណ្តែតមកទើរមកលើច្រាំង ចំរដូវកាលវិស្សមកាល នារដូវក្តៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ឆ្នេរសមុទ្រទីក្រុងស៉ីដនី ដែលល្បីល្បាញដោយសារខ្សាច់ពណ៌មាស និងទឹកស្អាត បានទាក់ទាញអ្នកទេសចរ មកពីជុំវិញពិភពលោក។ អ្នកទៅលេងឆ្នេរត្រូវបានណែនាំ ឱ្យជៀសវាងឆ្នេរ Manly, Dee Why, Long Reef, Queenscliff, Freshwater, North and South Curl Curl, North Steyne និង North Narrabeen រហូតដល់ មានការជូនដំណឹងបន្ថែម ហើយនៅឱ្យឆ្ងាយពីកម្ទេចកម្ទីនោះ។ ក្រុមប្រឹក្សាតំបន់ឆ្នេរភាគខាងជើង បាននិយាយថា ខ្លួនកំពុងដោះស្រាយបញ្ហា យកកម្ទេចកំទីនោះចេញដោយសុវត្ថិភាព។ ភាគច្រើននៃកម្ទេចកម្ទី គឺដូចជាល្បាយនៃថ្មម៉ាប ហើយខ្លះក៏មានទំហំធំ។ អាជ្ញាធរកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយភ្នាក់ងារបរិស្ថានរដ្ឋ ដើម្បីប្រមូលសំណាកទៅធ្វើតេស្ត។

គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំមុន ឆ្នេរជាច្រើនរួមទាំង Bondi ដែលតំណាងឱ្យផ្នែកខាងកើតនៃទីប្រជុំជនស៉ីដនី ក៏ធ្លាប់ត្រូវបានបិទផងដែរ បន្ទាប់ពីសំណល់រាងដូចបាល់ពណ៌ខ្មៅ អណ្តែតមកលើច្រាំង។ ការស៉ើបអង្កេតក្រោយមក រកឃើញថាសំណល់ទាំងនោះ បង្កើតឡើងពីអាស៉ីតខ្លាញ់ ជាសារធាតុគីមីដែលស្រដៀងផលិតផលកែសម្ផស្ស និងលាងសម្អាត ព្រមទាំងសម្ភារៈផ្សេងទៀត ដែលទាក់ទងនឹងកាកសំណល់ទឹក៕