(សេអ៊ូល)៖ គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធ ទី១៥ ខែមករាថាការចាប់ខ្លួនលោកប្រធានាធិបតីត្រូវបានព្យួរតំណែង Yoon Suk Yeol គឺជាការចាប់ផ្ដើមនៃការស្ដារសណ្ដាប់ធ្នាប់ប្រទេសឡើងវិញ ក្រោយភាពចលាចលជាច្រើនសប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP។

ក្រុមអ្នកស៊ើបអង្កេត នៅក្នុងប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថាលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនក្រោមដីកាឃាត់ខ្លួនចេញដោយតុលាការ។ តាមក្រុមអ្នកស៊ើបអង្កេត ការអនុវត្តដីកាចាប់ខ្លួន លោកប្រធានាធិបតី Yoon Suk Yeol បានធ្វើឡើងនៅថ្ងៃទី១៥ ខែមករា នៅវេលាម៉ោង ១០៖៣៣នាទីព្រឹក (ម៉ោងនៅសេអ៊ូល) ហើយតាមរយៈការចាប់ខ្លួននេះដែរ លោក Yoon បានក្លាយជា ប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេបំផុតរបស់កូរ៉េខាងត្បូង ដែលត្រូវបានចាប់ខ្លួន។

ជាប្រតិកម្មទៅនឹងការចាប់ខ្លួនលោក Yoon មេដឹកនាំក្រុមសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ លោក Park Chan-dae បានលើកឡើងថា «ការចាប់ខ្លួនលោក Yoon Suk Yeol គឺជាជំហានទី១ នៃការឆ្ពោះទៅរកការស្ដារសណ្ដាប់ធ្នាប់រដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយវាក៏បង្ហាញដែរថាអាជ្ញាធរសាធារណៈ និងតុលាការនៅក្នុងប្រទេសកូរ៉េខាងត្បូងគឺនៅមានជីវិត»

គួរបញ្ជាក់ថា នៅក្នុងសារជាវីដេអូត្រូវបានថតទុកជាមុន លោក Yoon បាននិយាយថាលោកយល់ព្រមប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេតដើម្បីសួរចម្លើយ ជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹក មិនបានសម្រេចរបស់លោក កាលពីខែធ្នូកន្លងទៅ មិនមែនមានន័យថាលោកទទួលស្គាល់ភាពស្របច្បាប់នៃការស៊ើបអង្កេតនោះទេ តែលោកសុខចិត្តប្រគល់ខ្លួន គឺដើម្បីបង្ការកុំឱ្យមានការបង្ហូរឈាមដាក់គ្នាតែប៉ុណ្ណោះ៕