(ប៉េកាំង)៖ "ការដំឡើងពន្ធគយនឹងដំឡើងថ្លៃទំនិញ និងធ្វើឱ្យអតិផរណាមានសភាពកាន់តែធ្ងន់ធ្ងរ" "នេះគ្មានអំណោយផលដល់ កម្មករទាំងឡាយនិងផលប្រយោជន៍ យូរអង្វែងរបស់សហរដ្ឋអាមេរិកឡើយ" ។ល។ ស្របពេលដែលរដ្ឋាភិបាលអាមេរិក អាណត្តិថ្មីជិតចូលកាន់តំណែង ក្ដីព្រួយបារម្ភក្នុងស្រុករបស់សហរដ្ឋអាមេរិក ចំពោះទង្វើដែលរដ្ឋាភិបាលអាមេរិក នឹងបំផុសសង្គ្រាមពន្ធគយជុំថ្មីក៏កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

សូមបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ ២០១៨ លោកត្រាំ ប្រធានាធិបតីអាមេរិកនៅពេលនោះបានប្រកាស ដំឡើងពន្ធគយក្នុងទ្រង់ទ្រាយធំ ចំពោះផលិតផលដែលនាំចូលពីប្រទេសចិន នេះបានបង្កឱ្យមានវិវាទខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាមេរិក ។ ចាប់តាំងពីឆ្នាំ ២០២១ មក រដ្ឋាភិបាលលោក ចូ បៃដិន បានបន្តអនុវត្តវិធានការ ដំឡើងពន្ធគយនេះដដែល ។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ លោកត្រាំ ប្រធានាធិបតីអាមេរិកដែលត្រៀម ចូលកាន់តំណែងបានអះអាងថា លោកនឹងចុះហត្ថលេខាលើបទបញ្ជារដ្ឋបាលដើម្បីហូតពន្ធគយបន្ថែម ១០ ភាគរយចំពោះផលិតផលដែលនាំចូលពីប្រទេសចិននៅថ្ងៃដំបូងចូលកាន់តំណែងជាផ្លូវការ ។ ការពិតជាក់ស្តែងក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះបានបញ្ជាក់ថា ការធ្វើសង្គ្រាមពន្ធគយទៅលើប្រទេសចិន បានបំផ្លាញផលប្រយោជន៍ ទាំងអ្នកដទៃផងនិងខ្លួនឯងផង ហើយអ្នកដែលត្រូវរងគ្រោះនោះគឺ ប្រជាជននិងសហគ្រាសអាមេរិក។

ការស្ទង់មតិរបស់សាកលវិទ្យាល័យឈីកាហ្គោអាមេរិកនាពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា សេដ្ឋវិទូចំនួន ៩៨ ភាគរយសម្គាល់ឃើញថា ពន្ធគយកាន់តែខ្ពស់មានតែ នឹងធ្វើឱ្យអ្នកប្រើប្រាស់អាមេរិកបង់តម្លៃកាន់តែច្រើន ។ តាមការគណនារបស់ក្រុមហ៊ុន Moody ឱ្យដឹងថា អ្នកប្រើប្រាស់អាមេរិកបានទទួលរ៉ាប់រ៉ងថ្លៃដើមចំនួន ៩២ ភាគរយនៃការដំឡើងពន្ធគយលើផលិតផលចិន ហើយគ្រួសាររបស់អាមេរិកនឹងបន្ថែមចំណាយ ១៣០០ ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ។ យោងតាមស្ថិតិ នៃមូលនិធិពន្ធដារអាមេរិកឱ្យដឹងទៀតថា ការដំឡើងពន្ធគយលើផលិតផលចិន មិនត្រឹមតែមិនបានដោះស្រាយបញ្ហាឱកាសការងាររបស់កម្មករអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏បានបណ្តាលឱ្យអាមេរិក បាត់បង់ឱកាសការងារចំនួន ១៤ ម៉ឺន ២ ពាន់ផងដែរ។

គោលបំណងមួយទៀតនៃការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក គឺ ដើម្បីជំរុញឱ្យឧស្សាហកម្មកម្មន្តសាល វិលត្រឡប់ទៅរកអាមេរិកវិញ ប៉ុន្តែវាទទួលលទ្ធផលផ្ទុយទៅវិញ ។ ប្រព័ន្ធសារព័ត៌មានអាមេរិកដូចជាទស្សនាវដ្តី«News Week»ជាដើមយល់ឃើញថា ការដំឡើងពន្ធគយលើផលិតផលចិនមិនអាចស្តារ ឧស្សាហកម្មកម្មន្តសាលរបស់សហរដ្ឋអាមេរិក ឡើងវិញបានទេ ផ្ទុយទៅវិញវាបែរជានឹងរាំងស្ទះដល់"ការស្តារផលិតកម្មរបស់អាមេរិក"។ ចំណែកឯការដែលសហរដ្ឋអាមេរិក ចង់យកបញ្ហាពន្ធគយធ្វើជាលេសដើម្បីកែលម្អ អតុល្យភាពខាងពាណិជ្ជកម្ម វាក៏ត្រូវបានបញ្ជាក់ថា គឺផ្ទុយពីគោលបំណងដើមដែរ ។ ទោះបីជាការដំឡើងពន្ធគយខ្ពស់អាចកាត់បន្ថយ ឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិនក៏ដោយ ក៏ប៉ុន្តែឱនភាពពាណិជ្ជកម្ម ជាទូទៅរបស់ខ្លួន បានកើនឡើងជាបន្តបន្ទាប់។ ឱនភាពពាណិជ្ជកម្មជាមួយបរទេសរបស់ សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២ បានឡើងដល់ ៩៥១,២ ពាន់លានដុល្លារអាមេរិកដែលបានបំបែកកំណត់ត្រា ។ សេដ្ឋវិទូមួយចំនួនបានវិភាគថា អ្វីដែលសង្គ្រាមពន្ធគយបាននាំមកគឺ ប្រហែលជាធ្វើឱ្យបញ្ហាអតុល្យភាព ខាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក មានភាពកាន់តែធ្ងន់ធ្ងរថែមទៀត។

សហរដ្ឋអាមេរិកបានប៉ុនប៉ងយកបញ្ហាពន្ធគយធ្វើជាថ្នូរនយោបាយ ប៉ុន្តែការធ្វើសង្រ្គាមពន្ធគយ មិនអាចទប់ស្កាត់ការអភិវឌ្ឍរបស់ចិនបានឡើយ ។ តាមទិន្នន័យដែលចេញផ្សាយ ដោយរដ្ឋាភិបាលចិននៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ បានបង្ហាញឱ្យឃើញថា ទំហំនាំចេញនាំចូលខាងពាណិជ្ជកម្មទំនិញរបស់ចិនក្នុងឆ្នាំ ២០២៤ បានបំបែកកំណត់ត្រាខ្ពស់បំផុត ក្នុងប្រវត្តិសាស្រ្ត ដែលបានរក្សាឋានៈជាប្រទេសធំបំផុតខាងពាណិជ្ជកម្ម ទំនិញលើទូទាំងពិភពលោកក្នុងរយៈពេល ៨ ឆ្នាំជាប់ៗគ្នា។

ដូចគ្នានេះដែរ ការធ្វើសង្រ្គាមពន្ធគយក៏មិនអាចរារាំងនិន្នាការធ្វើការវិនិយោគ នៅប្រទេសចិនរបស់សហគ្រាសអាមេរិកបានដែរ ។ បច្ចុប្បន្ននេះ សហគ្រាសដែលបានបង្កើតឡើង ដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសចិន មានចំនួនលើសពី ៧ ម៉ឺន ៣ ពាន់កន្លែង ទំហំវិនិយោគសរុបមានចំនួនលើសពី ១,២ ទ្រីលានដុល្លារអាមេរិក។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក្រុមហ៊ុន McDonald's បានបើកសាខាថ្មីចំនួនច្រើនបំផុត នៅក្នុងប្រទេសចិន ដែលប្រហែលត្រូវជា ៦០ ភាគរយនៃពិភពលោកទាំងមូល ក្រុមហ៊ុន Starbucks បានបើកហាងនៅ ទីក្រុងសៀងហៃលើសពី ១០០០កន្លែង បរិមាណលក់រថយន្តថាមពលថ្មីរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសចិនបានកើនឡើងយ៉ាងគំហក បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ល។

ការពិតជាក់ស្តែងបានបញ្ជាក់ម្តងហើយម្តងទៀតថា ភាពជោគជ័យរៀងៗខ្លួនរបស់ចិននិងអាមេរិក គឺជាឱកាសសម្រាប់គ្នា ទៅវិញទៅមក ហើយមិនមែនជាបញ្ហាប្រឈមនោះទេ។ ភពផែនដីដ៏ធំល្វឹងល្វើយអាចផ្តល់លំហ កាន់តែទូលំទូលាយសម្រាប់ ការអភិវឌ្ឍរៀងខ្លួន របស់ចិននិងអាមេរិក ក៏ដូចជាវិបុលភាពរួមផងដែរ ។ ចំណែកឯការធ្វើសង្គ្រាមពន្ធគយ ឬសង្គ្រាមពាណិជ្ជកម្មគ្មានអ្នកឈ្នះឡើយ។ ភាគីចិនរំពឹងថា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មី នឹងគិតពិចារណាឱ្យបានហ្មត់ចត់ និងធ្វើសេចក្តីសម្រេចចិត្តដោយប្រុងប្រយ័ត្ន ហើយអាចដើរស្របតាមទិសដៅតែមួយ ជាមួយប្រទេសចិន ក៏ដូចជាត្រឡប់ទៅរកផ្លូវត្រឹមត្រូវ នៃការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះដើម្បីផ្តល់ផលប្រយោជន៍ ដល់ភាគីទាំងសង្ខាងនិងពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន