(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃពុធ ទី១៥ ខែមករា បានបង្ហាញការសាទរចំពោះការឈានដល់កិច្ចព្រមព្រៀងលើបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងរវាងអ៉ីស្រាអែល និងហាម៉ាស ដោយនិយាយថាសន្តិភាពគឺជាឱសថដ៏ពូកែស័ក្ដិសិទ្ធិ ប៉ុន្តែព្រមានថាតម្រូវការសុខាភិបាលនៅក្នុងតំបន់ហ្កាហ្សានៅតែមានវិសាលភាពធំធេង។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រោមការសម្របសម្រួលពីក្រុមអ្នកចរចាមកពីសហរដ្ឋអាមេរិក កាតា និងអេហ្ស៉ីប ក្រុមហាម៉ាស និងអ៉ីស្រាអែល បានយល់ព្រមទទួលយកបទឈប់បាញ់មួយនៅក្នុងតំបន់ហ្កាហ្សា ដែលក្រុមអ្នកសម្របសម្រួល និយាយថានឹងត្រូវចូលជាធរមាននៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ហើយនឹងមានរួមបញ្ចូលទាំងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងដែលជាប់ឃុំក្នុងតំបន់ហ្កាហ្សា អស់រយៈពេលជាង១៥ខែមកនេះចាប់តាំងពី សង្រ្គាមផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុនមក។ ជុំវិញបទឈប់បាញ់នេះដែរ នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក Tedros បានបន្ថែមដូច្នេះថា «បទឈប់បាញ់ហ្កាហ្សា និងកិច្ចព្រមព្រៀង ដោះលែងចំណាប់ខ្មាំង គឺជារឿងគួរឱ្យសា្វគមន៍ និងកម្លាំងជំរុញលើកទឹកចិត្ត។ ជីវិតមនុស្សជាច្រើនបានបាត់បង់ ហើយគ្រួសារជាច្រើនបានរងការឈឺចាប់»។ ប្រមុខ WHO រូបនេះក៏បានបង្ហាញក្ដីសង្ឃឹមផងដែរថា គ្រប់ភាគីទាំងអស់នឹងគោរពតាមកិច្ចព្រមព្រៀង ហើយធ្វើការឆ្ពោះទៅរកសន្តិភាពយូរអង្វែង។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងលើបទឈប់បាញ់ហ្កាហ្សា ត្រូវចែកចេញជា៣ ដំណាក់កាល ក្នុងនោះអំឡុងដំណាក់កាលទី១ បទឈប់បាញ់គឺមានរយៈពេល ៦សប្ដាហ៍ ដោយអ៉ីស្រាអែលត្រូវដកកងទ័ពចេញពី តំបន់ហ្កាហ្សាបន្តិចម្ដងៗ។ ចំណាប់ខ្មាំងវិញនឹងត្រូវបាន ដោះលែងជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារអ៉ីស្រាអែល។ រីឯដំណាក់កាលទី២ និងទី៣ នឹងត្រូវស្ថិតក្នុងកិច្ចចរចា អំឡុងដំណាក់កាលទី១នៃបទឈប់បាញ់។ ម្យ៉ាងវិញទៀត ក្នុងដំណាក់កាលទី១ នៃបទឈប់បាញ់នេះដែរ ចំណាប់ខ្មាំងអ៉ីស្រាអែល ៣៣នាក់នឹងត្រូវបានដោះលែង ក្នុងនោះរួមមានស្ត្រី កុមារ និងបុរសដែលមានអាយុ៥០ឆ្នាំឡើង។ បើតាមក្រុមមន្ត្រីអ៉ីស្រាអែល នៅមានចំណាប់ខ្មាំង ៩៨នាក់ទៀតកំពុងស្ថិតក្នុងកណ្ដាប់ដៃ ក្រុមហាម៉ាស៕