(វ៉ាស៉ីនតោន)៖ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែប្រឈមមុខនឹងខ្យល់បក់ខ្លាំង ហើយស្ងួត ដែលបង្កជាភ្លើងឆេះព្រៃដ៏ធំចំនួនពីរ នៅទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក ចូលដល់ថ្ងៃទី ៨។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ ២០២៥។

តំបន់ Palisades ចុងភាគខាងលិចនៃទីក្រុង ភ្លើងឆេះព្រៃមានទំហំ ២៣ ៧១៣ហិកតា ហើយប្រហែល ១៩ភាគរយទៀត អាចគ្រប់គ្រងបាន។ នៅឯ Eaton តំបន់ជើងភ្នំភាគខាងកើតទីក្រុង ភ្លើងឆាបឆេះអស់ ១៤ ១១៧ហិកតា អាចគ្រប់គ្រងបាន ៤៥ភាគរយ។ អ្នកពន្លត់អគ្គីភ័យប្រហែល ៨ ៥០០នាក់ មកពីភាគខាងលិចសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៉ិក កំពុងតាមដានហានិភ័យនៃភ្លើងឆេះ ក្នុងរយៈពេល ៣ថ្ងៃមកនេះ។

ក្រុមមន្រ្តីបានស្នើឱ្យអ្នកស្រុករក្សាការប្រុងប្រយ័ត្ន និងត្រៀមខ្លួនដើម្បីជម្លៀសចេញ នៅពេលមានការជូនដំណឹងណាមួយ ចំពោះមុខការព្យាករពីខ្យល់បក់ខ្លាំង រហូតដល់រសៀលថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់)។ អាជ្ញាធរនិយាយថា មនុស្សប្រហែល ៦.៥លាននាក់ នៅតែស្ថិតក្រោមការគំរាមកំហែង បន្ទាប់ពីភ្លើងបានលេបត្របាក់តំបន់ ទំហំជិតប៉ុនរដ្ឋធានីវ៉ាស៊ីនតោន និងបណ្តាលមនុស្សយ៉ាងហោចណាស់ ២៥នាក់ស្លាប់។

តាម​លោក Robert Luna ស្នងការ​តំបន់ ភ្លើងឆេះព្រៃបានធ្វើឱ្យខូចខាត ឬបំផ្លាញផ្ទះជាង ១២ ០០០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ហើយបង្ខំមនុស្ស ២០០ ០០០នាក់ចេញពីផ្ទះសម្បែង។ មនុស្សប្រហែល ៨២ ០០០នាក់ស្ថិតក្រោមការបញ្ជាឱ្យជម្លៀស ហើយ ៩០ ៤០០នាក់ទៀតប្រឈមមុខនឹងការព្រមានពីការជម្លៀស គិតត្រឹមថ្ងៃពុធ។

ទោះជាការព្យាករពីកម្លាំងខ្យល់បក់ រហូតដល់ ១១២គីឡូម៉ែត្រក្នុងមួយម៉ោង មិនទាន់កើតឡើងក្តី តែក្រុមអ្នកពន្លត់អគ្គីភ័យ បានរាយការណ៍ថា ឥលូវនេះកម្លាំងខ្យល់បក់មានចន្លោះពី ៤៨ទៅ ៦៤គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនិងលក្ខខណ្ឌសំណើមទាប នៅក្នុងតំបន់ ដែលមិនបានទទួលភ្លៀងធ្លាក់ខ្លាំងអស់រយៈពេល ៩ខែមកហើយ៕