(ឡុងដ៍)៖ ការិយាល័យនាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍មួយនាថ្ងៃព្រហស្បតិ៍នេះថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បានធ្វើដំណើរទៅទីក្រុងកៀវ ហើយលោកនឹងជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដើម្បីចុះសន្ធិសញ្ញាថ្មីមួយ ស្តីពីភាពជាដៃគូរយៈពេល១០០ឆ្នាំ ក្រោមគោលដៅធ្វើឱ្យទំនាក់ទំនងសន្តិសុខកាន់តែស៉ីជម្រៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការិយាល័យលោក Starmer បានបន្តថា ភាពជាដៃគូខាងលើ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា ជាពិសេសពាក់ព័ន្ធ​សន្តិសុខដែនសមុទ្រ ហើយលើកកម្ពស់ចក្រភពអង់គ្លេស ជាដៃគូដែលប្រសើរជាងគេ សម្រាប់វិស័យផ្សេងៗរបស់អ៊ុយក្រែន រួមទាំង​វិស័យថាមពល។ ក្រោយចុះហត្ថលេខា សន្ធិសញ្ញានោះ ព្រមទាំងសេចក្តីប្រកាសនយោបាយ នឹងត្រូវដាក់ទៅកាន់ សភាអង់គ្លេស ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ។

គួរបញ្ជាក់ថា វាជាដំណើរទស្សនកិច្ចដំបូងបំផុត របស់លោក Starmer ទៅកាន់អ៊ុយក្រែន ចាប់តាំងពីលោកបានឡើងកាន់អំណាចកាលពី​ ពាក់កណ្តាលឆ្នាំ២០២៤ ហើយវាគឺជាសញ្ញាបង្ហាញការគាំទ្រដ៏សំខាន់មួយផងដែរ សម្រាប់អ៊ុយក្រែន នៅប៉ុន្មានថ្ងៃមុន លោក ដូណាល់ ត្រាំ​ ស្បថចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិក។ ចាប់តាំងពីក្លាយជា នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Starmer កន្លងមក បានទទួលស្វាគមន៍ទស្សនកិច្ចរបស់ លោក ហ្សេលេនស្គី ចំនួន២លើក នៅទីក្រុងឡុងដ៍ ហើយលោក ក៏ធ្លាប់ទៅទស្សនកិច្ច​នៅអ៊ុយក្រែន កាលពីឆ្នាំ២០២៣ ផងដែរ ក្នុងនាមជាមេដឹកនាំគណបក្សប្រឆាំងរបស់អង់គ្លេស៕