(ប៉េកាំង)៖ បច្ចុប្បន្ននេះ នៅមិនដល់មួយសប្ដាហ៍ទៀតទេ រដ្ឋាភិបាលអាមេរិកថ្មីនឹងចូលកាន់អំណាច។ បើមើលពីការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មានអន្តរជាតិនៅពេលថ្មីៗកន្លងទៅនេះ អ្នកផងទាំងពួងបានរកឃើញថា សំឡេងអំពាវនាវឱ្យចិននិងអាមេរិក ធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកលគឺកាន់តែខ្លាំងឡើងៗ ។ ឧទាហរណ៍ដូចជា កាសែត《The Independent 》របស់រុស្ស៊ីបានចេញផ្សាយបទអត្ថាធិប្បាយថា ប្រទេសធំៗទាំងពីរចិននិងអាមេរិករាប់អានគ្នាដោយសន្តិភាព វានឹងមានអំណោយផលដល់ទូទាំងពិភពលោក។ កាសែត《Daily Times》របស់ប៉ាគីស្ថានបានយល់ឃើញថា កិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកមានអំណោយផល ដល់ការជំរុញឱ្យភាគីទាំងពីរឆ្លើយតបនឹងបញ្ហាប្រឈមសកល និងបង្កើនសុខសុភមង្គលរបស់ប្រជាជនទូទាំងពិភពលោក។

ក្នុងបរិបទនាពេលបច្ចុប្បន្នដែលពិភពលោក កំពុងមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង តើចិននិងអាមេរិកនឹងស្របទៅតាម ក្ដីរំពឹងទុក របស់ភាគីនានានិងរួមគ្នារ៉ាប់រងទំនួលខុសត្រូវ ជាប្រទេសធំៗយ៉ាងដូចម្ដេច ខណៈពេលប្រឈមមុខនឹងបញ្ហាថា ឱនភាពសន្តិភាព ឱនភាពអភិវឌ្ឍន៍និងឱនភាពអភិបាលកិច្ចបានកើនឡើងជាបន្តបន្ទាប់? ប្រវត្តិសាស្ត្រជាសៀវភៅ បង្រៀនដ៏ល្អបំផុត។

នៅរយៈពេល៨០ឆ្នាំមុន ប្រទេសទាំងពីរចិននិងអាមេរិកបានរួមគ្នាប្រយុទ្ធ ជាមួយប្រទេសដែលស្រឡាញ់ សន្តិភាពទាំងអស់លើពិភពលោក ទទួលបានជ័យជម្នះក្នុងសង្គ្រាមប្រឆាំង ហ្វាស៊ីសរបស់ពិភពលោក ។ នៅ៨០ឆ្នាំក្រោយ នាពេលបច្ចុប្បន្ន វិបត្តិអ៊ុយក្រែននិងការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលជាដើមបានបន្តរីករាលដាល និងបង្កជាផលប៉ះពាល់ ចំពោះតំបន់ខាងក្រៅ សន្តិភាពនិងសន្តិសុខពិភពលោកជួបនឹងបញ្ហាប្រឈមដ៏តានតឹង ។ បើនិយាយចំពោះចិននិងអាមេរិក ការមិនប៉ះទង្គិចគ្នា មិនធ្វើបដិបក្ខគ្នានិងរួមរស់នៅ ជាមួយគ្នាដោយសន្តិភាព ក៏ជាការរួមចំណែកចំពោះសន្តិភាពរបស់មនុស្សជាតិដែរ។

ការអភិវឌ្ឍជាការធានារបស់សន្តិភាព។ ពេលកើតមានវិបត្តិហិរញ្ញវត្ថុអន្តរជាតិកាលពីជាង១០ឆ្នាំមុន ចិននិងអាមេរិកធ្លាប់រួមជាមួយ រដ្ឋសមាជិកផ្សេងទៀតនៃប្រទេស G២០ អូសសេដ្ឋកិច្ចពិភពលោកឱ្យចេញពីវិបត្តិ ។ បច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកគឺ ខ្វះកម្លាំងគ្រប់គ្រាន់សម្រាប់ងើបឡើងវិញ ការអភិវឌ្ឍប្រឈមមុខនឹងអតុល្យភាព ។ បរិមាណសរុបនៃសេដ្ឋកិច្ចចិន និងអាមេរិកគឺលើសពី១ភាគ៣នៃពិភពលោកទាំងមូល ដូច្នេះ ប្រទេសទំាងពីរមានទំនួលខុសត្រូវ ហើយក៏មានសមត្ថភាពរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ដែលជំរុញឱ្យសេដ្ឋកិច្ចពិភពលោកមានកំណើន។

អភិបាលកិច្ចជាវិស័យមួយទៀតដែលចិននិងអាមេរិករ៉ាប់រងទំនួលខុសត្រូវជាប្រទេសធំ ។ រំលឹកឡើងវិញប្រវត្តិសាស្រ្តជាង ៤០ឆ្នាំបន្ទាប់ពីចិននិងអាមេរិកបង្កើត ទំនាក់ទំនងការទូតមក ពីការពួតដៃគ្នាវាយបង្ក្រាបភេរវកម្មបន្ទាប់ពីហេតុការណ៍ “១១កញ្ញា” ដល់ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងវីរុស Ebola រហូតដល់ការរួមគ្នាជំរុញការចុះហត្ថលេខាលើ《កិច្ចព្រមព្រៀងក្រុងប៉ារីស》 ចិននិងអាមេរិកបានសហការគ្នាសម្រេចបាន នូវបុព្វហេតុធំៗមួយហើយមួយទៀត ។ កាលពីខែតុលាឆ្នាំ២០២៤ មូលនិធិសន្តិភាពអន្តរជាតិ Carnegie ដែលជាធនាគារគំនិតអាមេរិក បានចេញផ្សាយរបាយការណ៍មួយក្រោមចំណងជើងថា 《ទំនាក់ទំនងចិន-អាមេរិកនៅឆ្នាំ២០៣០៖ចក្ខុវិស័យឆ្ពោះទៅរកការរួមរស់នៅជាមួយគ្នា》 ដោយលើកឡើងថា “ពីការគ្រប់គ្រងវិបត្តិអាកាសធាតុ ដល់ការតាក់តែង បទដ្ឋានស្ដីពីបញ្ញាសិប្បនិម្មិត រហូតដល់ការកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ និងបង្ការជំងឺឆ្លងដែលរីករាលដាល នៅទូទាំងពិភពលោកលើកក្រោយ ទូទាំងពិភពលោកសុទ្ធតែនឹងទទួលបាន ផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិក ។”

ប៉ុន្តែ ទង្វើនៃរដ្ឋាភិបាលអាមេរិកបច្ចុប្បន្ននេះគឺគួរឱ្យពិភពលោកព្រួយបារម្ភ ។ កាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០២៥ រដ្ឋាភិបាលអាមេរិកប្រកាសវិធានការគ្រប់គ្រង ការនាំចេញពាក់ព័ន្ធនឹង បញ្ញាសិប្បនិម្មិត ដើម្បីរឹតបន្ដឹងការនាំចេញផលិតផល ដូចជាបន្ទះឈីបបញ្ញាសិប្បនិម្មិតជាដើមថែមមួយកម្រិតទៀត ហើយក៏បង្កជាឧបសគ្គរារាំងចំពោះការដែលភាគីទីបី ធ្វើពាណិជ្ជកម្ម ជាប្រក្រតីជាមួយចិនដែរ។ នេះគឺដើរបញ្ច្រាសពីគំនិតឯកភាពរួមខាងអភិបាលកិច្ច បញ្ញាសិប្បនិម្មិតដែលចិននិងអាមេរិក បានព្រមព្រៀងគ្នានោះ ដែលនឹងប៉ះពាល់ដល់ស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល រារាំងការងើបឡើងវិញនៃសេដ្ឋកិច្ចសកល និងគ្មានអំណោយផលដល់ការច្នៃប្រឌិតថ្មី និងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាឡើយ។

ដូច្នេះ ក្នុងពិភពលោកដ៏ច្របូកច្របល់ បើសិនជាចិននិងអាមេរិក ចង់រ៉ាប់រងទំនួលខុសត្រូវជាប្រទេសធំ មុនដំបូងភាគីទាំងពីរ ត្រូវធ្វើការប្រាស្រ័យទាក់ទងដ៏ល្អប្រសើរ និងមិនធ្វើបាបគ្នា។ នេះមិនខុសអ្វីពីកាលពី៨០ឆ្នាំមុន ដែលចិននិងអាមេរិកបានរួមគ្នា តស៊ូប្រយុទ្ធ នៅ៨០ឆ្នាំក្រោយ ប្រឈមមុខនឹងបម្រែបម្រួល ដែលនិម្មាបនកម្ម ដែលពុំធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ ប្រទេសទាំងពីរចិននិងអាមេរិកនៅតែត្រូវទទួលខុសត្រូវ ចំពោះប្រវត្តិសាស្ត្រ ប្រជាជននិងពិភពលោកទាំងមូលដដែល ធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ជំរុញ“ការផ្ដល់ជាប្រយោជន៍ដល់ពិភពលោក” ដើម្បីបំពេញបន្ថែមភាពប្រាកដប្រជានិងផ្តល់ថាមពលវិជ្ជមាន ដល់ពិភពលោកដែលកំពុងមានបម្រែបម្រួល និងភាពរង្គោះរង្គើខ្លាំង៕

វិទ្យុមិត្តភាពកម្ពុជាចិន