(សេអ៊ូល)៖ កូរ៉េខាងជើង បានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការបញ្ជូនយន្ដហោះយោធា ហោះលើតំបន់ឧបទ្វីបកូរ៉េជាច្រើនលើកនៅក្នុងខែមករានេះ ព្រមទាំងថ្កោលទោស សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងសម្រាប់ការធ្វើសមយុទ្ធយោធាជើងអាកាស។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី១៧ ខែមករានេះ បានរាយការណ៍ថាកូរ៉េខាងជើងក៏បានថ្កោលទោសផងដែរលើក្រុមប្រឹក្សានុយក្លេអ៊ែរ (NCG) រវាងអាមេរិក និងកូរ៉េខាងត្បូង ដែលមានគោលបំណងគ្រប់គ្រងលើការគំរាមកំហែងពីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ដោយស្រង់សម្ដីពីក្រសួងការបរទេសកូរ៉េខាងជើង​ KCNA បានគូសបញ្ជាក់ ដូច្នេះ​ថា «កូរ៉េខាងជើងនឹងឆ្លើយតបយ៉ាងខ្លាំងក្លាទៅនឹងរាល់សកម្មភាពយោធាបង្កហេតុ តាមរយៈការអនុវត្តសិទ្ធិស្វ័យការពារខ្លួនយ៉ាងម៉ឺងម៉ាត់»

គួរបញ្ជាក់ថា អំឡុងកិច្ចប្រជុំក្រុមប្រឹក្សានុយក្លេអ៊ែរ កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានអះអាងឡើងវិញពីការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះការពង្រឹងវត្តមានជាទៀងទាត់នៃសកម្មភាព យោធាជាយុទ្ធសាស្ត្ររបស់ខ្លួននៅលើតំបន់ឧបទ្វីបកូរ៉េ៕