(បែរឡាំង)៖ សហស្ថាបនិកគណបក្សស្តាំនិយមជ្រុល AfD របស់អាល្លឺម៉ង់ នឹងទៅចូលរួមពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២០ ខែមករា ពោលគឺត្រឹមតែ១ខែប៉ុណ្ណោះ មុនពេលអាល្លឺម៉ង់ ត្រូវរៀបចំការបោះឆ្នោតសកល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥។

ការអញ្ជើញលោក Tino Chrupalla ទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ កើតមានឡើង បន្ទាប់ពីសម្ព័ន្ធមិត្តលោក ត្រាំ គឺកំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk បានបង្ហាញការគាំទ្រចំពោះគណបក្ស AfD ហើយលោកបានជជែកគ្នា ជាមួយលោកស្រី Alice Weidel ដែលជាសហស្ថាបនិកម្នាក់ទៀត របស់គណបក្ស AfD នៅលើប្រព័ន្ធទំនាក់ទំនងសង្គម X ខណៈប្រការនោះបានបង្កឱ្យមាន​ក្តីបារម្ភ អំពីមហិច្ឆតារបស់លោក Musk ក្នុងការជះឥទ្ធិពល​លើនយោបាយរបស់អឺរ៉ុប។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានប្រាសចាកចេញពីទំនៀមទម្លាប់ ដោយលោកបានអញ្ជើញមេដឹកនាំបរទេសមួយចំនួន ឱ្យទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក។ តាមទម្លាប់ មេដឹកនាំបរទេស មិនដែលចូលរួមពិធីស្បថចូលកាន់តំណែង​ប្រធានាធិបតីអាមេរិកឡើយ ដោយសារតែក្តីកង្វល់ផ្នែកសន្តិសុខ ហើយបានបញ្ជូនមន្រ្តីទូតចូលរួមជំនួស។ រដ្ឋាភិបាលអាល្លឺម៉ង់ នឹងបញ្ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅសហរដ្ឋអាមេរិក ដើម្បីធ្វើជាតំណាងចូលរួម ពិធីស្បថចូលកាន់តំណែងរបស់ លោក ត្រាំ៕