(ប៉ារីស)៖ កាលពីថ្ងៃចន្ទ ទី២០ ខែមករា ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា កញ្ចប់ថវិកាយោធា​រាប់ពាន់លានអឺរ៉ូរបស់អឺរ៉ុប មិនគួរប្រើប្រាស់ដើម្បីទិញតែសព្វាវុធពីសហរដ្ឋអាមេរិកឡើយ ដោយលោកជំរុញចង់ឱ្យមានការវិនិយោគ​បន្ថែម ទៅលើឧស្សាកម្មការពារជាតិ នៅក្នុងតំបន់ផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥។

ស្របពេលដែលលោក ដូណាល់ ត្រាំ ទើបវិលត្រឡប់មកក្លាយជាប្រធានាធិបតីអាមេរិកសាជាថ្មី កាលពីថ្ងៃចន្ទ លោក Macron បាននិយាយថា អឺរ៉ុបគួរតែចំណាយថវិកាបន្ថែមទៀត លើវិស័យការពារជាតិ ប៉ុន្តែលោកបានគូសបញ្ជាក់ថា នៅពេលនិយាយអំពី​ការបង្កើនការចំណាយលើយោធា ប្រទេសជាច្រើនបែរជាយល់ថា វាដល់ពេលត្រូវទិញសព្វាវុធបន្ថែម ពីអាមេរិកទៅវិញ។

គួរបញ្ជាក់ថា បារាំង ដែលមានឧស្សាហកម្មការពារជាតិដ៏ធំមួយ ជារឿយៗបានបង្ហាញការត្អូញត្អែរ នៅពេលដែលប្រទេសជា​សមាជិកសហភាពអឺរ៉ុបដទៃទៀត សម្រេចជ្រើសរើស ទិញអាវុធពីអាមេរិក ជាជាងពីបារាំង និងប្រទេសគ្នាឯងផ្សេងទៀត នៅអឺរ៉ុប។ ការសម្រេចចិត្តរបស់អាល្លឺម៉ង់ កាលពីឆ្នាំ២០២២ ក្នុងការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស European Sky Shield ដោយប្រើប្រាស់គ្រឿងបរិក្ខាររបស់អាមេរិក និងអ៉ីស្រាអែល ដោយមើលរំលងជម្រើសរបស់បារាំងជាមួយអ៉ីតាលី បានធ្វើឱ្យលោក Macron មិនសប្បាញចិត្តជាពិសេស៕