(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានតាំងខ្លួនជាអ្នកបង្កើតសន្តិភាព នៅពេលស្បថចូលកាន់តំណែងអាណត្តិទីពីរ ប៉ុន្តែភ្លាមៗនោះដែរលោកបានប្តេជ្ញាថា នឹងធ្វើឱ្យព្រែកជីកប៉ាណាម៉ា មកឋិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ ២០២៥។

ព្រែកជីកប៉ាណាម៉ា ជាផ្លូវទឹកដែលសហរដ្ឋអាមេរិក បានប្រគល់ទៅឱ្យប្រទេសប៉ាណាម៉ា នៅចុងឆ្នាំ ១៩៩៩។ ប៉ាណាម៉ា ជាអ្នកគ្រប់គ្រងព្រែកជីកនេះ ប៉ុន្តែក្រុមហ៊ុនចិនបាននិងកំពុងបង្កើនវត្តមានរបស់ខ្លួន តាមរយៈវិធីសាស្រ្តដឹកជញ្ជូន រវាងច្រកនៃមហាសមុទ្រអាត្លង់ទិក និងប៉ាស៉ីហ្វិក។

លោក ត្រាំ បានគូសបញ្ជាក់ពេលស្បថចូលកាន់តំណែងថា «សំខាន់ជាងនេះទៅទៀត ចិនកំពុងធ្វើប្រតិបត្តិការ តាមព្រែកជីកប៉ាណាម៉ា ហើយយើងមិនបានប្រគល់វាឱ្យចិនទេ យើងប្រគល់វាឱ្យប៉ាណាម៉ា ហើយយើងនឹងយកវាមកវិញ»

គួរបញ្ជាក់ថា ព្រែកជីកប៉ាណាម៉ា ត្រូវបានសាងសង់ដោយសហរដ្ឋអាមេរិកភាគច្រើន ជាមួយនិងកម្លាំងពលកម្ម មកពីតំបន់ការីបៀនដើមកំណើតអាហ្រ្វិក (Afro-Caribbean) ហើយបានបើកដំណើរការ នៅឆ្នាំ ១៩១៤។ អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter ដែលទទួលមរណភាពកាលពីខែមុន ក៏ធ្លាប់ចរចាបំណងយកព្រែកជីកនេះ មកត្រឡប់វិញដែរនៅឆ្នាំ ១៩៧៧៕