(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រមូលមហាសេដ្ឋី និងសេដ្ឋីអាមេរិក ១១រូប ឱ្យមកចូលរួមក្នុងគណៈរដ្ឋមន្រ្តីថ្មីរបស់លោក ហើយផ្តល់តំណែងសំខាន់ៗដល់ពួកគេ ដែលបានធ្វើឱ្យរដ្ឋបាលថ្មីនេះ ក្លាយជារដ្ឋបាលដែលមានជាងគេ ក្នុងប្រវត្តិសាស្ត្រអាមេរិក ជាមួយនិងទ្រព្យសម្បត្តិប្រហែល ៣៤០ពាន់លានដុល្លារ។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន The Guardian។

មហាសេដ្ឋី និងសេដ្ឋទាំង ១១រូប មានដូចជា លោក Elon Musk ដែលគេស្គាល់ថាមិត្តសម្លាញ់របស់លោក ត្រាំ ហើយបច្ចុប្បន្នជាកំពូលអ្នកមានមួយនៃពិភពលោក មានទ្រព្យសម្បត្តិសរុប ៤៤១ពាន់លានដុល្លារ។ លោកត្រូវបានតែងតាំងអោយដឹកនាំអង្គភាព DOGE ដែលជាក្រុមប្រឹក្សារបស់រដ្ឋាភិបាល មានតួនាទីតាមដានប្រសិទ្ធិភាពការងាររបស់មន្រ្តីរដ្ឋាភិបាល។

សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនវិនិយោគ Cerberus Capital Management លោក Stephen Feinberg ដែលត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក មានទ្រព្យសម្បត្តិសរុប ៥ពាន់លានដុល្លារ។

នាយកប្រតិបត្តិធនាគារឯកជន លោក Warren Stevens ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅចក្រភពអង់គ្លេស មានទ្រព្យសម្បត្តិសរុបទាំងអស់ចំនួន ៣.៣ពាន់លានដុល្លារ។

ដន្លងរបស់លោក ត្រាំ គឺលោក Charles Kushner ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសបារាំង មានទ្រព្យសម្បត្តិសរុប ២.៩ពាន់លានដុល្លារ។

លោកស្រី Linda McMahon ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអប់រំ មានទ្រព្យសម្បត្តិសរុប ២.៥ពាន់លានដុល្លារ។ លោកស្រីក៏ជាសហស្ថាបនិកនៃ WWE ដែលជាក្រុមហ៊ុនកំសាន្តផ្នែកកីទ្បាកាសដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក។

លោក Jared Isaac Man ដែលនឹងដឹកនាំអង្គភាពផ្នែកអវកាសអាមេរិក គឺអង្គការ NASA មានទ្រព្យសម្បត្តិសរុប ១.៩ពាន់លានដុល្លារ។

លោក Wilbur Ross ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានទ្រព្យសម្បត្តិប្រមាណ ១.៥ពាន់លានដុល្លារ។

លោកស្រី Kelly Luffler ដែលត្រូវបានតែងតាំងឱ្យដឹកនាំរដ្ឋបាលអាជីវកម្មធុនតូច មានទ្រព្យសម្បត្តិ ១.១ពាន់លានដុល្លារ។

អភិបាលរដ្ឋ North Dakota លោក Doug Burgum ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានទ្រព្យសម្បត្តិប្រហែល ១.១ពាន់លានដុល្លារ។

សហគ្រិនផ្នែកបច្ចេកវិទ្យា លោក Vivec Ramaswamy ដែលនឹងត្រូវដឹកនាំ DOGE រួមគ្នាជាមួយលោក Elon Musk មានទ្រព្យសម្បត្តិប្រហែល ១ពាន់លានដុល្លារ។

លោក Scott Quitt ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ មានទ្រព្យសម្បត្តិប្រមាណ ១ពាន់លានដុល្លារ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ផ្ទាល់ក៏មានទ្រព្យសម្បត្តិសរុប ៦.១ពាន់លានដុល្លារ។ ចាប់តាំងពីយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ពេលស្បថចូលកាន់តំណែង លោក ត្រាំ តែងតែបង្ហាញជំនឿចិត្តថា នឹងធ្វើឱ្យសហរដ្ឋអាមេរិកខ្លាំងអស្ចារ្យម្តងទៀត៕