(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto គ្រោងនឹងចំណាយថវិកា៤៨.៨ទ្រីលានរូពីឥណ្ឌូណេស៉ី ឬស្មើនឹង២.៩៩ពាន់លានដុល្លារអាមេរិក រហូតដល់ឆ្នាំ២០២៩ ទៅលើដំណើរការសាងសង់រដ្ឋធានីថ្មី Nusantara ហើយមាន​គោលដៅផ្លាស់រដ្ឋាភិបាល ទៅកាន់ទីនោះទាំងស្រុង នៅឆ្នាំ២០២៨។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥។

ដំណើរការសាងសង់ទីក្រុង Nusantara ដែលមានតម្លៃសរុប៣២ពាន់លានដុល្លារ នៅលើកោះ Borneo បានចាប់ផ្តើមកាលពី​ឆ្នាំ២០២២ ក្រោយត្រូវបានពន្យារពេលអស់ប៉ុន្មានឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺ COVID-19។ វាគឺជាគម្រោងដែលចាប់ផ្តើមឡើងដំបូង ដោយអតីតប្រធានាធិបតីឥណ្ឌូណេស៉ី លោក Joko Widodo។

គួរបញ្ជាក់ថា លោក Widodo មានបំណង់ចង់រើរដ្ឋធានី ទៅចម្ងាយ១២០០គីឡូម៉ែត្រ ចេញពីទីក្រុងហ្សាការតា នៅលើកោះជ្វា ដែលសព្វថ្ងៃនេះ កំពុងជួបបញ្ហាកកស្ទះតាន់តាប់ខ្លាំង ហើយលិចចូលសន្សឹមៗទៅក្នុងសមុទ្រថែមទៀត។ យោងតាមទិន្នន័យរបស់​ក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៉ី លោក Widodo បានចំណាយថវិកា៧៥.៨ទ្រីលានរូពី កាលពីចន្លោះឆ្នាំ២០២២ ដល់២០២៤ ទៅលើគម្រោងរដ្ឋធានី Nusantara៕