(វ៉ាស៉ីនតោន)៖ ប្រាប់ទៅកាន់សមភាគីអាមេរិក អំឡុងជំនួបកាលពីថ្ងៃអង្គារ ទី២១ ខែមករា រដ្ឋមន្រ្តីការបរទេសជប៉ុន បាននិយាយថា ជប៉ុននឹងបន្តពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ដោយសារតែស្ថានការណ៍សន្តិសុខ នៅតំបន់អាស៉ីបូព៌ា។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

ប្រមុខការទូតជប៉ុន លោក Takeshi Iwaya បានជួបពិភាក្សាគ្នាជាមួយ លោក Marco Rubio ដែលជារដ្ឋមន្រ្តីការបរទេស របស់ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ រួមទាំងទីប្រឹក្សាសន្តិសុខជាតិ លោក Mike Waltz កាលពីថ្ងៃអង្គារ នៅរដ្ឋធានីវ៉ាស៉ីនតោន។ នាឱកាសនោះ លោក Iwaya បានប្រាប់លោក Rubio និងលោក Waltz ថា ជប៉ុនគ្មានជម្រើសឡើយ ក្រៅតែពីបន្តបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួន ដោយផ្អែកលើស្ថានការណ៍នៅអាស៉ីបូព៌ា។

គួរបញ្ជាក់ថា ការវិលត្រឡប់មកកាន់អំណាចជាថ្មីរបស់ លោក ដូណាល់ ត្រាំ បានញ៉ាំងឱ្យការរំពឹងទុកជាមុនថា ទីក្រុងវ៉ាស៉ីនតោន ប្រហែលនឹងដាក់សម្ពាធបន្ថែមលើសម្ព័ន្ធមិត្តរបស់ខ្លួន ឱ្យបង្កើនការចំណាយកាន់តែច្រើន លើវិស័យការពារជាតិ។ ជំរុញដោយ​ក្តីកង្វល់ អំពីការកើនឡើងនៃអំណាចយោធារបស់ចិន បូករួមជាមួយកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ ទីក្រុងតូក្យូបាននិងកំពុងប្រឹងប្រែង កសាងសមត្ថភាពការពារជាតិក្នុងទ្រង់ទ្រាយធំ ជាប្រវត្តិសាស្រ្ត៕