(ប៉េកាំង)៖ រសៀលថ្ងៃទី ២១ ខែ មករា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានជួបសន្ទនា តាមប្រព័ន្ធវីដេអូ។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ក្នុងឆ្នាំថ្មី ខ្ញុំរីករាយធ្វើការជាមួយលោកប្រធានាធិបតី ភូទីន ដើម្បីបន្តជំរុញឱ្យទំនាក់ទំនងរវាងចិននិងរុស្ស៊ី ឡើងដល់កម្រិតកាន់តែខ្ពស់ រួមគ្នាជំរុញការអភិវឌ្ឍនិងវិបុលភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាគាំពារសមភាពនិងយុត្តិធម៌ ។ ឆ្នាំនេះ ជាខួបទី៨០ នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមប្រជាជនចិន ប្រឆាំងការឈ្លានពាន របស់ជប៉ុន និងថ្ងៃជ័យជម្នះក្នុងសង្រ្គាមការពារជាតិដ៏មហិមារបស់សូវៀត ក៏ដូចជាថ្ងៃជ័យជម្នះក្នុងសង្គ្រាមប្រឆាំងហ្វាស៊ីស របស់ពិភពលោក ហើយក៏ជាខួបទី៨០ នៃការបង្កើត អង្គការសហប្រជាជាតិផងដែរ ។ ប្រទេសទាំងពីរចិននិងរុស្ស៊ី គួរតែចាត់ទុកការនេះជាឱកាសមួយ រួមគ្នាគាំពារប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល និងគាំពារសមិទ្ធផល នៃជ័យជម្នះ ក្នុងសង្គ្រាមលោកលើកទីពីរ ក្នុងន័យជំរុញបណ្តាប្រទេសនានា ឱ្យគោរពធម្មនុញ្ញនិងគោលការណ៍របស់ អង្គការសហប្រជាជាតិ និងអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ។

ជាការឆ្លើយតប លោក ភូទីន បានថ្លែងថា ជានិច្ចកាល រុស្ស៊ីនិងចិនតែងតែជឿទុកចិត្តគ្នា ផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក ប្រកបដោយសមភាព។ កិច្ចសហប្រតិបតិ្តការទ្វេភាគី សមស្របនឹងផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំងពីរ ហើយមិនដែលរងឥទ្ធិពលពីបម្រែបម្រួល នៃស្ថានការណ៍អន្តរជាតិនោះទេ។ ភាគីរុស្ស៊ីប្រកាន់ខ្ជាប់យ៉ាងមុតមាំថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន ដែលមិនអាចកាត់ផ្តាច់បាន ប្រឆាំងយ៉ាងដាច់ខាតចំពោះ “ឯករាជ្យភាពនៃតៃវ៉ាន់”ទោះតាមទម្រង់ណាក៏ដោយ។ ឆ្នាំនេះ ប្រទេសយើងទាំងពីរ នឹងរួមគ្នាអបអរសាទរយ៉ាងឱឡារិកចំពោះខួបទី៨០ នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមប្រឆាំងហ្វាស៊ីស របស់ពិភពលោក ដើម្បីគាំពារសមិទ្ធផលនៃសង្គ្រាមលោកលើកទីពីរ ។ ភាគីរុស្ស៊ីរីករាយបង្កើន កិច្ចសហប្រតិបតិ្តការ ជាមួយភាគីចិនក្នុងកិច្ចការពហុភាគី ដើម្បីដើរតួនាទីយ៉ាងសកម្ម ក្នុងបុព្វហេតុសន្តិភាព និងវឌ្ឍនភាពរបស់ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន