(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសថ្មីរបស់សហរដ្ឋអាមេរិក លោក Marco Rubio បានពិភាក្សាពីសកម្មភាពរបស់ចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូង ជាមួយសមភាគីហ្វីលីពីន របស់លោក កាលពីថ្ងៃពុធ ទី២២ ខែមករា ជាមួយការគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងរឹងមាំរបស់សហរដ្ឋអាមេរិកផ្ដល់ការការពារដល់ទីក្រុងម៉ានីល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចពិភាក្សាតាមទូរស័ព្ទខាងលើត្រូវបានប្រកាសឱ្យដឹងដោយក្រសួងការបរទេសអាមេរិក នៅក្នុងសេចក្ដីថ្លែងការណ៍មួយ។ តាមសេចក្ដីថ្លែងការណ៍នេះ លោក Rubio បានប្រាប់ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo ថា «សកម្មភាពរបស់ចិនបានបំផ្លាញដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយផ្ទុយទៅនឹងច្បាប់អន្តរជាតិ»។ ក្រៅពីនេះ ប្រមុខការទូតថ្មីរបស់សហរដ្ឋអាមេរិករូបនេះ បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងរឹងមាំរបស់សហរដ្ឋអាមេរិកក្នុងការការពារហ្វីលីពីន ក្នុងនាមជាសម្ព័ន្ធមិត្ត នៅក្រោមសន្ធិសញ្ញា ការពារគ្នាទៅវិញទៅមករវាងប្រទេសទាំង២ ហើយថែមទាំងបានពិភាក្សាគ្នាពីការស្វែងរកមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងពង្រឹង កិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ។

គួរបញ្ជាក់ថា កិច្ចសន្ទនារវាងលោក Marco Rubio និងលោក Enrique Manalo កើតមានឡើងបន្ទាប់ពីប្រមុខការទូតអាមេរិកបានសន្ទនាជាមួយសមភាគីអូស្ត្រាលី ឥណ្ឌា និងជប៉ុនកាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ស្បថូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅអាណត្តិទី២៕