(វ៉ាស៉ីនតោន)៖ ភ្លើងឆេះព្រៃថ្មីមួយដែលឆាបឆេះ នៅភាគខាងជើងទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះ បានរាលដាលយ៉ាងឆាប់រហ័សដល់ផ្ទៃដីជាង ៩ ៤០០អារ ឬស្មើនឹង៣៨គីឡូម៉ែត្រក្រឡា ដោយសារតែខ្យល់បក់ខ្លាំង ហើយស្ងួត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ ២០២៥។

ភ្លើងឆេះព្រៃនៅតំបន់ Hughes ចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Los Angeles បានបន្ថែមការងារ ដល់ក្រុមពន្លត់អគ្គីភ័យ នៅតំបន់ភ្លើងឆេះចំនួនពីរដែលទើបនឹងអាចគ្រប់គ្រងបាន។ ក្រុមមន្ត្រីបានព្រមានប្រជាជននៅតំបន់ Castaic Lake នៃទីក្រុង Los Angeles ថាពួកគេកំពុងប្រឈមមុខនឹង «ការគំរាមកំហែងដល់អាយុជីវិត» ខណៈភាគច្រើន នៃរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង នៅតែស្ថិតក្រោមការព្រមានពណ៌ក្រហម គឺហានិភ័យភ្លើងឆេះខ្លាំងដោយខ្យល់ស្ងួតហួតហែង។

លោក Robert Luna ស្នងការក្រុង Los Angeles បានឱ្យដឹងថា មនុស្សប្រហែល ៣១ ០០០នាក់ស្ថិតក្រោម ការបញ្ជាជម្លៀសជាកាតព្វកិច្ច និង ២៣ ០០០នាក់ប្រឈមមុខនឹងការព្រមានឱ្យជម្លៀសចេញ។ ប្រធានផ្នែកពន្លត់អគ្គីភ័យក្រុង Los Angeles លោក Anthony Marrone បាននិយាយថា អ្នកពន្លត់អគ្គីភ័យជាង ៤ ០០០នាក់ កំពុងធ្វើការនៅតំបន់ឆេះថ្មី ខណៈដែលនាយកដ្ឋានព្រៃឈើ និងការពារភ្លើងឆេះរដ្ឋកាលីហ្វ័រញ៉ាថា តាមការព្រមាន អ្នកពន្លត់អគ្គីភ័យប្រហែល ១ ១០០នាក់ ត្រូវបានដាក់ពង្រាយនៅជុំវិញរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃធំៗចំនួនពីរ កាលពីថ្ងៃ៧ ខែមករា ដែលមកទល់ឥលូវអាចគ្រប់គ្រងបាន៩១ភាគរយ បណ្តាលខូចខាតផ្ទៃដី ១៤ ០២១អារ (៥៧គីឡូម៉ែត្រក្រឡា) នៃតំបន់ Eaton ភាគខាងកើតទីក្រុង Los Angelesខណៈភ្លើងឆេះព្រៃនៅតំបន់ Palisades ភាគខាងលិចនៃទីក្រុង Los Angeles បានលេបត្របាក់ផ្ទៃដី ២៣ ៤៤៨អារ ដែលឥឡូវគ្រប់គ្រងបាន ៦៨ភាគរយ៕