(ហ្សេរុយសាឡឹម)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី លោក Marco Rubio បានអះអាងសាជាថ្មី នូវ «ការគាំទ្រឥតងាករេ» របស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែល ស្របពេលបទឈប់បាញ់ដ៏ផុយស្រួយនៅហ្គាហ្សាកំពុងចូលជាធរមាន និងប្រតិបត្តិការយោធាទ្រង់ទ្រាយធំកំពុងបន្តនៅតំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ ២០២៥។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានបញ្ជាក់ថា លោក Rubio បានថ្លែងទៅកាន់លោក Netanyahu តាមទូរសព្ទពីទីក្រុងវ៉ាស៊ីនតោន កាលពីយប់ថ្ងៃពុធដើម្បី «គូសបញ្ជាក់ថាការរក្សា បាននូវការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ីស្រាអែលគឺជា អាទិភាពកំពូលសម្រាប់ប្រធានាធិបតី»។
លោក Rubio ក៏បានអបអរសាទរលោក Netanyahu ចំពោះជោគជ័យ របស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ និងហេសបូឡា ហើយបានសន្យា ថានឹងធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីជួយរំដោះចំណាប់ខ្មាំងដែលនៅ សេសសល់ដែលត្រូវបានឃុំខ្លួននៅហ្គាហ្សាផងដែរ។
គួរបញ្ជាក់ថា ការប្រកាសរបស់លោក Rubio នេះ បង្ហាញពីការបន្តនយោបាយគាំទ្រអ៊ីស្រាអែលយ៉ាងខ្លាំង ក្រោមរដ្ឋបាលថ្មីរបស់អាមេរិក។ នេះក៏បង្ហាញពីការផ្លាស់ប្តូរគោលនយោបាយ ជុំវិញការដាក់ទណ្ឌកម្ម លើអ្នកតាំងលំនៅអ៊ីស្រាអែលនៅតំបន់ West Bank ផងដែរ។
អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចាប់ផ្តើមអនុវត្តបទឈប់បាញ់ ក្នុងសង្រ្គាមរយៈពេល ១៥ខែ កាលពីថ្ងៃអាទិត្យ។ បទឈប់បាញ់នេះ រួមមានការផ្លាស់ប្តូរចំណាប់ខ្មាំង និងអ្នកទោស។ ទោះជាយ៉ាងណា ស្ថានការណ៍នៅតែមានភាពផុយស្រួយ ហើយអាចនឹងមានការប៉ះទង្គិចគ្នាម្តងទៀត៕