(ឡាអេ)៖ រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានដាក់ពាក្យ ស្នើសុំដីកាចាប់ខ្លួនមេដឹកនាំតាលីបង់ពីររូប គឺលោក Haibatullah Akhundzada ដែលមេដឹកនាំកំពូលរបស់ក្រុមនេះ និងលោក Abdul Hakim Haqqani ដែលប្រធានយុត្តិធម៌ ជុំវិញការចោទប្រកាន់ពីបទ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ ២០២៥។
ការចោទប្រកាន់នេះ ផ្តោតសំខាន់លើការរើសអើងយ៉ាងទូលំទូលាយ លើស្ត្រី និងកុមារីនៅអាហ្វហ្គានីស្ថាន។
សេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋអាជ្ញា លោក Karim Khan បញ្ជាក់ថា ភស្តុតាងដែលប្រមូលបានផ្តល់នូវមូលដ្ឋានសមហេតុផល ថា បុគ្គលទាំងពីរទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះការធ្វើទុក្ខបុកម្នេញដោយ ផ្អែកលើហេតុផលយេនឌ័រ ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាច នៅខែ សីហា ឆ្នាំ ២០២១។
ក្រុមចៅក្រមបីរូបរបស់ ICC នឹងពិចារណាលើសំណើនេះ ដោយមិនមាន កាលបរិច្ឆេទកំណត់ច្បាស់លាស់ សម្រាប់ការសម្រេចចិត្តទេ។ នីតិវិធីបែបនេះ ជាធម្មតាចំណាយពេលប្រហែលបីខែ។
គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់អំណាច ក្រុមតាលីបង់បានរឹតត្បិតសិទ្ធិស្ត្រីយ៉ាងខ្លាំង រួមមានការរឹតត្បិតលើការសិក្សា ការងារ និងឯករាជ្យភាពក្នុងជីវិតប្រចាំថ្ងៃ។ លោក Khan បានបញ្ជាក់ថា ការបកស្រាយរបស់ពួកតាលីបង់អំពីច្បាប់សាសនា មិនអាចយកមកធ្វើជាហេតុផលសម្រាប់ការរំលោភសិទ្ធិមនុស្ស ឬឧក្រិដ្ឋកម្មនោះទេ៕