(ជូបា)៖ អាជ្ញាធរស៊ូដង់ខាងត្បូង បានផ្អាកការចូលទៅកាន់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់រយៈពេលតិចបំផុត៣០ថ្ងៃ បន្ទាប់ពីមានការចែកចាយវីដេអូ ដែលពិពណ៌នាអំពីការសម្លាប់ជនជាតិស៊ូដង់ខាងត្បូង នៅរដ្ឋ El Gezira ប្រទេសស៊ូដង់ ដែលបណ្តាលឱ្យមានកុបកម្ម និងការវាយប្រហារសងសឹក បណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

ការបិទនេះ ត្រូវធ្វើឡើងនៅពាក់កណ្តាលយប់ថ្ងៃពុធ, នេះបើតាមលោក Napoleon Adok អគ្គនាយកនៃអាជ្ញាធរទំនាក់ទំនងជាតិស៊ូដង់ខាងត្បូង បានសរសេរនៅក្នុងលិខិតមួយ ផ្ញើទៅកាន់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេត។

​អតិថិជននៃប្រតិបត្តិករទូរស័ព្ទចល័ត MTN South Sudan និង Zain មិនអាចចូលទៅកាន់វេទិកា Facebook, TikTok និងវេទិកាផ្សេងទៀតនោះទេ សម្រាប់រយៈពេលអតិបរមាអំឡុង៩០ថ្ងៃ។ នេះបើតាមក្រុមហ៊ុន បានប្រាប់ឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃពុធ។

​គួរបញ្ជាក់ថា យ៉ាងហោចណាស់ជនជាតិស៊ូដង់ចំនួន១៦នាក់ ត្រូវបានសម្លាប់ កាលពីសប្តាហ៍មុន នៅពេលដែលកុបកម្មបានផ្ទុះឡើង នៅរដ្ឋធានី Juba របស់ស៊ូដង់ខាងត្បូង និងកន្លែងផ្សេងទៀត ក្នុងប្រទេសនេះ។

ប៉ូលិសបានឱ្យដឹងថា ​ក្រុមយុវជន ក្នុងទីក្រុងមួយចំនួនរបស់ស៊ូដង់ខាងត្បូង បានចូលលួច និងបំផ្លាញហាងដែលជាកម្មសិទ្ធិរបស់ជនជាតិស៊ូដង់ និងបានដុតបំផ្លាញផ្ទះជាច្រើនខ្នង ជាការសងសឹកចំពោះអ្វីដែលពួកគេជឿថា មានការចូលរួមពីយោធា និងក្រុមសម្ព័ន្ធមិត្តរបស់ស៊ូដង់ ក្នុងការសម្លាប់ជនជាតិស៊ូដង់ខាងត្បូង នៅរដ្ឋ El Gezira។

​កងទ័ពស៊ូដង់ បានថ្កោលទោសនូវអ្វីដែលខ្លួនហៅថា «ការបំពានបុគ្គល» នៅរដ្ឋ El Gezira៕